ភ្នំពេញៈ រថយន្ត រ៉ង់រ៉ូវ៉េរមួយគ្រឿង ខណៈកំពុងបើកឆ្លងផ្លូវ ត្រូវបុរសម្នាក់ ជិះម៉ូតូយ៉ាងលឿន វាក់ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំទ្វាររថយន្តមុខផ្នែកខាងស្ដាំ បណ្ដាលឲ្យក្រពឹតមួយចំហៀង ឯអ្នកជិះម៉ូតូរងរបួសធ្ងន់ ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង៩យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវលេខ២២១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត Range Rover ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2U-9665 បើកដោយ បុរសមិនស្គាល់ឈ្មោះម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២២១ ក្នុងទិសដៅពីត្បូងទៅជើងហើយ ខណៈមកដល់ចំណុចកើតហេតុបើកឆ្លងផ្លូវកម្ពុជាក្រោមជិតផុតទៅហើយ ត្រូវបានបុរសម្នាក់ជិះម៉ូតូ ហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល 1K-5029 យ៉ាងលឿនធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីកើតទៅលិច។ ដោយសារតែបុរសនេះបើកបរមិនប្រយ័ត្នក៏បានជ្រុលទៅបុកចំទ្វាររថយន្តខាងមុខផ្នែកខាងស្ដាំ បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ធ្ងរ។ ចំណែករថយន្តក្រពឹតទ្វារមុខខាងស្តាំរងកាខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋាននិងជំនាញចរាចរណ៍ផ្លូវគោក បានចុះទៅដល់វាស់វែងយកយានយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំភាគីទាំងសងខាងចូលខ្លួនមកបំភ្លឺ និងដោះស្រាយនៅពេលក្រោយ៕ ប្រាថ្នា