ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលក្រុងនឹងបញ្ជូនខ្លួនអតីតផ្កា៤ លោកញឹក ប៊ុនឆៃ ទៅតុលាការថ្ងៃនេះ

ចែករំលែក៖

 

ភ្នំពេញ:លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចនឹងបញ្ជូនខ្លួនអតីតផ្កាយ៤ លោកញឹក ប៊ុនឆៃ ទៅតុលាការនៅថ្ងៃទី៥ ខែសីហា ប៉ុន្តែមិនទាន់ដឹងថា ត្រូវបញ្ជូនទៅម៉ោងប៉ុន្មានទេ។

លោកបានបញ្ជាក់ថា ខាងសមត្ថកិច្ចកំពុងតែខិតខំបំពេញអ្វី ដែលតុលាការបានផ្តល់មកឲ្យបំពេញក្នុងកិច្ចការងារស្រាវជ្រាវ ហើយឥឡូវខិតខំបំពេញឯកសារទាំងអស់ ដែលព្រះរាជអាជ្ញាបង្គាប់ឲ្យស្រាវជ្រាវ។ ថ្ងៃនេះបូកសរុបរបាយការណ៍បញ្ជូនឲ្យតុលាការ ដោយឯកសារបានស្រាវជ្រាវរួចរាល់។ ទាក់ទងការចុះឆេកឆេរផ្ទះ លោកញឹក ប៊ុនឆៃ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ មិនធ្វើអត្ថាធិប្បាយទេ ដោយវាកំពុងស្ថិតនៅចំណាត់ការរបស់ព្រះរាជអាជ្ញា។

លោកញឹក ប៊ុនឆៃ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅស្នងការនគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីកែច្នៃគ្រឿងញៀន និងផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ការចាប់ខ្លួនលោកញឹក ប៊ុនឆៃ បានធ្វើឡើងកាលពីវេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧។

លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៣ ខែសីហា ថា កម្លាំងស្នងការនគរ បាលរាជធានីភ្នំពេញ បានអនុវត្តដីការបស់តុលាការឲ្យលោក ញឹក ប៊ុនឆៃ ចូលខ្លួនដើម្បីសាកសួរពាក់ព័ន្ធករណីកែច្នៃគ្រឿងញៀន និងផលិតគ្រឿងញៀននៅខេត្តកំពង់ស្ពឺ។

លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ទៀតថា “សមត្ថកិច្ចគ្រាន់តែហៅលោក ញឹក ប៊ុនឆៃ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ មិនទាន់ឃាត់ខ្លួនទេ”។

សូមបញ្ជាក់ថា ពាក់ព័ន្ធករណីនេះ គឺបានកើតឡើងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧ នឹងបន្តរហូតមកដល់ឆ្នាំ២០១២ ដោយសមត្ថកិច្ចបានចាប់ខ្លួនលោក ជា ជុង ទីប្រឹក្សារបស់លោកញឹក ប៊ុនឆៃ និងមានការពាក់ព័ន្ធជាមួយមនុស្សជាច្រើននាក់ទៀត រួមទាំងជនជាតិចិនមួយចំនួនផងដែរ។ ជនចាប់ចោទ ជា ជុង បានជួលដីទំហំ ៥ហិកតា នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីរក្សាទុកសារធាតុទាំងនោះ។

កាលពីខែមករា ឆ្នាំ២០០៨ តុលាការក្រុងភ្នំពេញ បានកាត់ទោសឲ្យជនជាតិចិនម្នាក់ឈ្មោះ ហួង ជាប់គុកមួយជីវិត និងផាកពិន័យចំនួន ១០០លានរៀល។ តុលាការបានកាត់ទោសឈ្មោះ ជា ជុង ឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំ និងផាកពិន័យចំនួន ១លានរៀល ស្មើនឹង ២៥០ដុល្លារអាមេរិក ក្រោមបទផលិតគ្រឿងញៀន និងជួញដូរគ្រឿងញៀន ក្រោយពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានស្រាវជ្រាវរកឃើញថា មានសារធាតុផ្សំគ្រឿងញៀនចំនួនសរុប ៦តោន រក្សាទុកនៅក្នុងកសិដ្ឋានមួយក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅខែមេសា ឆ្នាំ២០០៧។ ក្រៅពីនេះ តុលាការក្រុងភ្នំពេញ បានកាត់ទោសជនជាតិចិន ចំនួន ៥នាក់ទៀតឲ្យជាប់គុករវាង ២០ឆ្នាំ ទៅ ២៥ឆ្នាំ។ ដោយឡែកជនជាប់ចោទឈ្មោះ អ៊ុំ ឆាយ បានធ្វើអត្តឃាតនៅពេលកំពុង ឃុំខ្លួននៅក្រសួងមហាផ្ទៃ នៅឆ្នាំ២០០៧ កន្លងទៅ។

សូមបញ្ជាក់ថា សំណុំរឿងគ្រឿងញៀនដ៏ធំមួយនេះត្រូវបានវែកមុខ និងចាប់ខ្លួនជនសង្ស័យ៤នាក់ដែលជាប់ពាក់ពន្ធ័ផ្ទាល់ទៅនឹងការផលិត ចែកចាយគ្រឿងញៀននេះ។ ជនសង្ស័យទាំង៤នាក់មានឈ្មោះ ជា ជុង ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ឆ ណាក់ឈី ជនជាតិថៃ អាយុ ៣៤ ឆ្នាំ, ឈ្មោះឆាយ ខាងស៊ី ជនជាតិចិនអាយុ ៤៨ឆ្នាំ និងឈ្មោះ រ៉ាន់ យ៉ានភេទស្រី ជនជាតិខ្មែរអាយុ២៥ឆ្នាំ៕ ជ្រោយពេជ្រ


ចែករំលែក៖