លោកចៅសង្កាត់ថា៖ ចាំដល់បក្សខ្ញុំជាប់ឆ្នោតថ្នាក់ជាតិបក្សនឹងជួយចាស់ជរា
ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជិត៤០នាក់បានផ្ទុះការតវ៉ាយ៉ាងខ្លាំងចំពោះលោកចៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន លោក អ៊ុក ស៊ីណាត មកពីគណៈបក្សសង្គ្រោះជាតិ ខណៈដែលក្រុមអ្នកតវ៉ាទាំងនោះចូលរួមវេទិកាសាធារណៈដែលបានប្រព្រឹត្តធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ក្រោមវត្តលោកចៅសង្កាត់ ចៅសង្កាត់រង មេភូមិ និងប្រធានក្រុមប្រឹក្សាផងដែរ។
ប្រភពពីភ្នាក់ងារកាសែតនគរវត្តប្រចាំខណ្ឌចំការមនបានប្រាប់ឲ្យដឹងថា ការតវ៉ានេះគឺផ្តើមចេញពីការសន្យារបស់លោក អ៊ុក ស៊ីណាត ចៅសង្កាត់ថ្មីទើបជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដែលកាលណោះលោកចៅសង្កាត់រូបនេះបានសន្យាចំពោះមុខពលរដ្ឋអ្នកគាំទ្រថា បើគាត់ជាប់ឆ្នោតគាត់និងដាក់ប្រព័ន្ធលូ ធ្វើផ្លូវបេតុងគ្រប់ភូមិ និងជួយដោះស្រាយបន្ទប់ជួល ផ្ទះជួល ផងដែរ ដោយសារតែការសន្យាហើយធ្វើមិនបាននេះហើយបានធ្វើឲ្យពលរដ្ឋខឹងសម្បាយ៉ាងខ្លាំង។ ប្រភពដដែលបន្តថា ពលរដ្ឋតវ៉ាទាំងនោះភាគច្រើនជាអ្នកគាំទ្របក្សសង្គ្រោះជាតិ។
នៅក្នុងវេទិកាសាធារណៈដដែលនោះ ស្រ្តីម្នាក់បានលើកជាសំណួរថា តើលុយ៥០ម៉ឺនដុល្លានោះបានមកពីណា? ហើយការដែលលោកសន្យានោះបានត្រឹមតែថា តែផ្ទុយទៅវិញការអនុវត្តគឺគ្មាន។
ពាក់ព័ន្ធនឹងសំណួរខាងលើនេះ លោក អ៊ុក ស៊ីណាត បានឆ្លើយដោះសារថា នេះជារឿងថ្នាក់ជាតិយើងត្រឹមសង្កាត់ដោះស្រាយមិនចេញទេ។ ត្រឹមសង្កាត់ខ្ញុំមានស្អីឲ្យ ហើយយើងមានអំណាចឯណា? បើបក្សឈ្នះឆ្នោតថ្នាក់ជាតិ អាហ្នឹងជូនដោយស្មោះត្រង់។ ឲ្យតែអាយុ៦៥ឆ្នាំឡើងគឺអាហ្នឹងមានគោលការណ៍របស់បក្ស។ លោកបានបន្តថា ចំពោះលុយ៥០ម៉ឺនដុល្លាក្នុង១ឃុំឬសង្កាត់នឹងគឺជាលុយរបស់រដ្ឋាភិបាល ហើយលុយនោះជិ៥ពាន់លានដែលរដ្ឋសភាអនុម័តប្រចាំឆ្នាំគឺលុយហ្នឹង ហើយ១៥៤៦ឃុំគឺរដ្ឋចាយអស់តែជាង៨០០លានដុល្លាទេគឺចាយអត់អស់ផង។
ទោះបីជាយ៉ាងនេះក្តី ប្រជាពលរដ្ឋបានលើកឡើងថាសង្កាត់គឺជាម៉ែឪរបស់ពលរដ្ឋរឿងអីដែលនិយាយដោះសារជាប់ឆ្នោតក្រុមប្រឹក្សាឃុំ នឹងដោះស្រាយគ្រប់យ៉ាងជូនពលរដ្ឋ តែឥឡូវបែរជានិយាយថាទាល់តែបក្សខ្លួនឈ្នះឆ្នោតថ្នាក់ជាតិទើបដោះស្រាយបាន ដល់ពេលបក្សខ្លួនឈ្នះឆ្នោតថ្នាក់ជាតិចាំ មើលថា ចាំឈ្នះឆ្នោតថ្នាក់ស្អីទៀត។
ដោយសារតែការតវ៉ាមានសន្ទុះខ្លាំងក្លាពេកធ្វើឲ្យលោកចៅសង្កាត់ទ្រាំលែងបានក៏សម្រេចបិទវេទិកាពាក់កណ្តាលទីរួចដើរចេញបាត់តែម្តង៕ តាឡឹម