ខេត្តបន្ទាយមានជ័យ៖ ផលិតផលបក្សីឆ្អឹង និងជង្គង់មាន់ជិត១តោនខូចគុណភាពហាមឃាត់ច្បាប់ឈ្មួញនាំពីប្រទេសថៃ ចូលមកក្រុងប៉ោយប៉ែតត្រូវបានមន្រ្តីជំនាញកាំកុងត្រូលប្រចាំច្រកអន្តរជាតិប៉ោយប៉ែតបង្រ្កាប ដុតកម្ទេចចោល ខណៈដែកផលិតផលបក្សីទាំងនោះបានដឹកបង្កប់ជាមួយអីវ៉ាន់តាមរទះរបស់កម្មករបម្រុងលើកដាក់ក្នុងរថយន្តដើម្បីដឹកឆ្ពោះទៅរកកន្លែងទីផ្សារចែកចាយ។
ការបង្រ្កាបមន្រ្តីជំនាញធ្វើឡើងកាលពីវេលាមោង៨និង៣០នាទីព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្បែរផ្សាអគ្គៈ ស្ថិតនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបង្រ្កាបផ្ទាល់ដោយលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
លោក ឈុន ឃាង អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថាបលិតផលបក្សីរងការបង្រ្កាបមានទម្ងន់សរុប៦២០គីឡូក្រាម ផលិតផលទាំងនោះត្រូវបានច្បាប់ក្រសួងពាណិជ្ជកម្មប្រទេសកម្ពុជាហាមឃាត់មិនអនុញ្ញាតិឲ្យនាំចូលក្នុងប្រទេសកម្ពុជានោះឡើយវាជាប្រភេទផលិតផលកាកសំណល់ដែលខាងថៃគេបោះចោល ហើយឈ្មួញខ្មែរបែរជានាំចូលលួចលាក់ខុសច្បាប់ បម្រុកយកមកចែកចាយ នៅលើទីផ្សារកម្ពុជា វាអាចប៉ះពាល់សុខភាព ដល់អ្នកទិញទទួលទានយ៉ាងធ្ងន់ ។ ការបង្រ្កាបផលិតផលបក្សីខូចគុណភាព មន្រ្តីជំនាញឃាត់បានតែឆ្អឹងនិងជង្គង់មាន់តែប៉ុណ្ណោះ ចំណែកឈ្មួញអ្នកនាំចូលបានរត់គេចខ្លួនបាត់មុនពេលមន្រ្តីជំនាញទៅដល់ចំណុចទីតាំងបង្រ្កាប។
លោកប្រាប់ឲ្យដឹងទៀតថា មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដោយលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត តែងតែយកចិត្តទុកដាក់ក្នុងការបង្ការទប់ស្កាត់និងបង្រ្កាបរាល់ផលិតផលទំនិញខូចគុណភាព និងទំនិញគ្មានសុវត្ថិភាពតាមមាត់ច្រកទ្វារព្រំដែន តាមរយៈឈ្មួញដឹកលួចលាក់នាំពីប្រទេសថៃចូលក្នុងប្រទេសកម្ពុជា។កន្លងមកផលិតផលទំនិញខូចគុណភាពជាច្រើនត្រូវបានមន្រ្តីជំនាញធ្វើការបង្រ្កាបជាបន្តបន្ទាប់ផងដែរ។
ផលិតផលបក្សីខូចគុណភាពខាងលើនៅរសៀលថ្ងៃដដែលត្រូវបានមន្រ្តីជំនាញយកទៅដុតកម្ទេចចោល ដើម្បីបញ្ចៀសផលប៉ះពាល់សុខភាពប្រជាពលរដ្ឋខ្មែរនោះ៕ សំ វិច្ឆិកា