ព័ត៌មានទាន់ហេតុការណ៍៖

រត់ឆ្លងផ្លូវមិនប្រយ័័ត្នត្រូវរថយន្តធុនធំបុកស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែតបានតែបន្តិច ខណៈរត់ឆ្លងផ្លូវមិនបានប្រុងប្រយ័ត្នត្រូវរថយន្តបុកទាំងកំរោលកាលពីវេលាម៉ោង ៨ និង ៤៥ នាទីព្រឹកថ្ងៃទី ៧ ខែ សីហាឆ្នាំ២០១៧ត្រង់ចំណុចមុខវត្តព្រែកព្នៅ លើផ្លូវជាតិលេខ៥ស្ថិតក្នុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះបានរត់ឆ្លងផ្លូវត្រង់ចំណុចខាងលើ មិនបានប្រុងប្រយ័ត្ន ព្រោះតែមានរថយន្តមួយគ្រឿងផ្សេងទៀតបាំងពីមុខមើលមិនឃើញទើបត្រូវរថយន្តធុនធំមកដល់ចាប់ហ្រ្វាំងមិនទាន់បុកបណ្តាលឲ្យរងរបួសធ្ងន់រួចត្រូវបានគេ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទពេទ្យកាល់ម៉ែតភ្លាមៗ តែជាអកុសលត្រូវដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។

លោកសុិន សុវណ្ណ ប្រធានផ្នែកនគរបាលចរាចរខណ្ឌព្រែកព្នៅបានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតក្នុងឧប្បត្តិហេតុនេះមានឈ្មោះ សន រដ្ឋា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅភូមិខ្សាច់ ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្ត កណ្តាលធ្វើដំណើរដោយថ្មើរជើងឆ្លងផ្លូវ ហើយត្រូវរថយន្តម៉ាក HYUNDAI ពណ៌ស្លាទុំ មួយគ្រឿង ពាក់ស្លាកលេខតាកែវ 3A-1549 បើកបរទិសដៅពីជើង ទៅត្បូងបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យកាល់ម៉ែតបានតែបន្តិច។

លោកសុិន សុវណ្ណបានបន្តទៀតថាក្រោយកើតហេតុអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោលតែម្តងដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ហើយត្រូវកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីចុះទៅ វាស់វែងនិងយករថយន្តបង្កទៅរក្សាទុករង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ ចាន់ ធឿន


ចែករំលែក៖