ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ម៉ូតូចំនួន៦គ្រឿងព្រោះអត់កាតគ្រី និងអាវុធ១ដើមឆ្លងកាត់តែមានច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោ និងលោក ស៊ឹម តុលា នាយករងខណ្ឌ លោកវរសេនីយ៍ទោ នាក់ ណារ៉ូ អធិការរងនគរបាលខណ្ឌ មេបញ្ជាការរងមូល ដ្ឋានកងរាជអាវុធខណ្ឌ បានដឹកនាំដាក់គោលដៅឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវនៅលើកំណាត់ផ្លូវលេខ២១៧ មុខវត្តសំបួរមាស ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោកាលពីវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧។

លោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា ដើម្បីចូលរួមកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរគឺគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានអនុវត្តដាក់គោលដៅជាប្រចាំ។

លោកបន្តថា ក្នុងនោះកំណត់យក៣ថ្ងៃក្នុង១សប្តាហ៍គឺថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ហើយយើងបានចាត់អភិបាលរងនិមួយៗជាអ្នកដឹកនាំ។ កន្លងទៅយើងតែងតែត្រួតពិនិត្យប្រទះឃើញមានគ្រឿងញៀនឆ្លងកាត់ តែ១រយះក្រោយនេះដូចជាពុំមានសារាចរណ៍គ្រឿងញៀនឆ្លងកាត់ទៀតទេ បានន័យថាមានការថមថយគួរឲ្យកត់សម្គាល់។

លោកថា ដោយឡែកនៅយប់ថ្ងៃទី៧ ខែសីហានេះបានត្រួតពិនិត្យម៉ូតូចំនួន៨៩គ្រឿង រថយន្តចំនួន១៤គ្រឿង ហើយក្នុងនោះក៏មានអ្នកប្រើប្រាស់អាវុធខ្លីម៉ាកកា៥៤ មួយដើមផងដែរ តែមានច្បាប់អនុញ្ញាតត្រឹមត្រូវ យើងពុំបានឃាត់ទេ។ ចំណែកក្មេងទំនើងជិះម៉ូតូគេចគោលដៅ២៧នាក់ សមត្ថកិច្ចឃាត់ខ្លួនណែនាំអប់រំ។ ដោយឡែកម៉ូតូខ្លះ មិនប្រក្រតីមានស្លាកលេខតែអត់មានកាតគ្រី ហេតុដូច្នេះម៉ូតូ៦គ្រឿងប្រគល់ឲ្យខាងសមត្ថកិច្ចចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីឲ្យម្ចាស់ម៉ូតូយកឯកសារមកបង្ហាញសមត្ថកិច្ច។

លោកអភិបាលរងខណ្ឌបានបញ្ជាក់បន្ថែមថា កម្លាំងចូលរួមមានមន្ត្រី និងក្រុមសណ្តាប់ធ្នាប់ខណ្ឌ២៣នាក់ សមត្ថកិច្ចនគរបាលខណ្ឌ១៧នាក់ និងកម្លាំងអាវុធហត្ថខណ្ឌ១០នាក់៕ តាឡឹម


ចែករំលែក៖