ព័ត៌មានទាន់ហេតុការណ៍៖

កន្លែងកត់កន្ទុយលេខនៅសង្កាត់ស្ទឹងមានជ័យចាប់មិនចេះអស់

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងកត់កន្ទុយលេខនៅមូលដ្ឋានសង្កាត់ស្ទឹងមានជ័យមានច្រើនផ្ទះ ដែលជាការសង្ស័យមានការលាក់បាំងពីសមត្ថកិច្ចនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ បានជាលោកអភិបាលខណ្ឌមានជ័យទ្រាំលែងបាន នឹងទង្វើមិនប្រក្រតីជួយបិទបាំងទីតាំងល្បែងស៊ីសង ទើបដាក់បញ្ជាឲ្យនាយប៉ុសិ៍្តធ្វើកំណត់ហេតុឲ្យលោក។

លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យបានឲ្យដឹងថា បញ្ហាកន្លែងកត់កន្ទុយលេខខុសច្បាប់លោកនឹងឲ្យនាយប៉ុសិ៍្តស្ទឹងមានជ័យធ្វើកំណត់ហេតុបញ្ហាល្បែងស៊ីងសង ពិសេសកន្លែងកត់កន្ទុយលេខនេះ។

ជាក់ស្តែងទីតាំងកន្ទុយលេខនៅក្នុងភូមិមានជ័យ១កន្លែង និងនៅទល់មុខគ្នានោះ គេបានសង្កេតឃើញអ្នកលេងកន្ទុយលេខបានដើរចេញដើរចូលដូចហែកឋិន ហើយពុំឃើញមានការភ័យខ្លាចចំពោះសមត្ថកិច្ចឡើយ។ ព្រោះថាកូនកញ្ច្រែងទទួលកត់កន្ទុយលេខត្រូវបានគេធានាទាំងការបង្ក្រាបពីសមត្ថកិច្ចនិងផ្លូវច្បាប់។

លោក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យបានបញ្ជាក់ប្រាប់ថា សមត្ថកិច្ចលោកមិនបានព្រងើយកន្តើយនោះទេ យើងស្រាវជ្រាវបង្ក្រាបដូចភ្លៀងរលឹម។ ព្រោះថាមេកន្ទុយលេខវាចេះតែនិយាយថាឲ្យលុយទៅអ្នកនេះទៅអ្នកនោះ តាមពិតទៅគ្មានអ្នកណាហ៊ានទទួលលុយវានោះទេ។

ជាមួយគ្នានេះផងដែរ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យក៏បានប្រជុំដាក់បទបញ្ជាឲ្យចៅសង្កាត់ទាំងអស់ដឹកនាំចុះបង្ក្រាបល្បែងស៊ីសង និងរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ៕ តាឡឹម


ចែករំលែក៖