ព័ត៌មានទាន់ហេតុការណ៍៖

ការពន្យារពេលប្រកាសសាលក្រមរឿងក្ដីលោក ថោង សារ៉ាត់ ជាង៣ខែ , អ្នកច្បាប់ថា ប៉ះពាល់ផលប្រយោជន៍គូភាគី

ចែករំលែក៖

ភ្នំពេញ៖ រឿងក្តីលោក ថោង សារ៉ាត់ អ្នកមានស្តុកស្តម្ភនៅកម្ពុជាបច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យរុស្ស៊ី និង ក្រុមអង្គរក្ស ពាក់ព័ន្ធការបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ រហូតមកទល់ពេលនេះ ពុំទាន់មានលទ្ធផលអ្វីនៅឡើយទេ ។

លោក តុប ឈុនហេង ប្រធានក្រុមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានពន្យារពេលប្រកាសសាលក្រមរឿងក្ដីនេះជាង៣ខែមកហើយ នៅពុំទាន់កំណត់កាលបរិច្ឆេទប្រកាសសាលក្រមទេ បន្ទាប់ពីបញ្ចប់សវនាការអង្គសេចក្តីរួចមក ។ លោកមេធាវី ហុង គឹមសួន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បញ្ជាក់ថា ការពន្យារពេលប្រកាសសាលក្រមជាង៣ខែនេះ គឺធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់គូភាគី ហើយបង្ហាញអំពីការមិនយកចិត្តទុកដាក់របស់តុលាការ ។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ សម្រេចលើកពេលប្រកាសសាលក្រមរឿងក្ដីលោកថោង សារ៉ាត់ ទៅថ្ងៃក្រោយវិញ ដោយមិនកំណត់ពេលវេលា ។

លោក គា អ៊ាវ មេធាវីការពារជនជាប់ចោទ ថ្លែងថា ក្រឡាបញ្ជីបានទូរស័ព្ទប្រាប់លោកថាសាលក្រមនេះត្រូវលើកពេលប្រកាសសាលក្រម ហើយនឹងជូនដំណឹងពេលក្រោយ ។ លោកមេធាវី មិនច្បាស់អំពីមូលហេតុនៃការលើកពេលប្រកាសសាលក្រមនេះទេ ។

ពាក់ព័ន្ធបញ្ហានេះ លោកមេធាវី ហុង គឹមសួន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ថ្លែងថា ការសម្រេចពន្យារពេលប្រកាសសាលក្រមនេះ គឺ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់គូភាគី ហើយបានបង្ហាញអំពីការមិនយកចិត្តទុកដាក់របស់តុលាការ ។

លោកមេធាវី បន្តថា ” កាលណាតុលាការសម្រេច គូភាគីមានពេលវេលាសម្រាប់ប្តឹងបន្តទៀត ឬ ទទួលយកការសម្រេចនេះ តែបើទុកចោលចឹង គឺ វាប៉ះពាល់សិទ្ធិគូភាគីហើយ ” ។

រឿងក្ដីនេះ ស្ទើរក្លាយជាមន្ទិលសង្ស័យគ្រប់មជ្ឈដ្ឋានទៅហើយ នៅពេលសាលក្រមរឿងក្ដីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលមានលោក ថោង សារ៉ាត់ សេដ្ឋីស្តុកស្តម្ភនៅកម្ពុជា ជាមេខ្លោង ពន្យារពេលជាង៣ខែហើយ ពុំទាន់សម្រេច ។

អ្នកច្បាប់មួយរូបផ្សេងទៀតសុំមិនបញ្ចេញឈ្មោះ អះអាងថា រឿងក្តីព្រហ្មទណ្ឌបទល្មើសឧក្រិដ្ឋ ដែលពន្យារពេលប្រកាសសាលក្រម គឺ មិនមានកំណត់ក្នុងច្បាប់នោះទេ តែអ្នកច្បាប់រូបនេះ និយាយលេងបន្លំមែន ថា គ្រាន់តែអាចបង្កប់នូវភាពមិនប្រក្រតីតែប៉ុណ្ណោះ ។

ប្រភពព័ត៌មាន បញ្ជាក់ថា ការពន្យារពេលដ៏យូរនេះ គឺទុកពេលឲ្យអ្នករត់ការទៅសុំអន្តរាគមន៍ពីថ្នាក់លើដើម្បីជួយបន្ធូរបន្ថយទោសឬលើកលែងទោសឲ្យលោកថោង សារ៉ាត់និងគូកន។

លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ រីឯក្រុមអង្គរក្ស ត្រូវបានចោទប្រកាន់ពីបទសមគំនិតនិងបទឃាតកម្មគិតទុកជាមុនដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតដែរ ។

ហេតុការណ៍បាញ់សម្លាប់កក្រើករាជធានីភ្នំពេញនេះ កើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ៕ចេស្តា


ចែករំលែក៖