ភ្នំពេញ៖ រថយន្តឡិចស៊ីសមួយគ្រឿង ខណៈដែលអ្នកបើកបរបានស្រវឹងស្រាហើយបើកបត់ឆ្លងផ្លូវមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូស្មាក់កំពុងធ្វើដំណើ បណ្ដាលឲ្យយុវជន៣នាក់រងរបួសធ្ងន់និងស្រាល ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខវត្តចាក់អង្រែលើ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្កេតឃើញមាន យុវជន៣នាក់ជិះមួយគ្រឿងម៉ាក ស៊ុយស៊ុគី ស្មាក់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CI-7443 បានឌុបគ្នាធ្វើដំណើតាមបណ្ដោយជាតិលេខ២ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែត្រូវបានរថយន្តឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-4535 បានបើកបរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជើង ហើយបត់ឆ្វេងឆ្លងផ្លូវមកបុកម៉ូតូស្មាក់វី ដែលយុវជនរងគ្រោះកំពុងជិះឌុបគ្នាចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់២នាក់ និងស្រាលម្នាក់ ។
ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះទាំង៣នាក់ ដែលរងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយរបស់គ្លីនិកឯកជន សុខ លាភមេត្រី មកដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យផងដែរ ។ បន្ទាប់ក្រោយមកក្រុមអ្នកសារព័ត៌មានជាច្រើនដែលរួមអាជីពដូចគ្នា បានចុះទៅផ្ដិតយករូបភាពក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ តែពេលដែលថតភាគីខាងរថយន្តបង្កនោះ ក៏ត្រូវបានភាគីខាងរថយន្តហាមមិនអោយថត និងថែមតិះដៀល និងឈ្លោះគ្នាជាមួយក្រុមអ្នកសារព័ត៌មានទៀត ។ ហើយសមត្ថកិច្ចដ្ឋានដែលទទួលផ្នែកជំនាញចរាចរណ៍ បានធ្វើការវាស់វែង យករថយន្តបង្កនិងដឹកម៉ូតូទៅកាន់អធិការនគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ