ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេងអាយុ១៨ឆ្នាំស្រស់ស្អាតម្នាក់បាត់ខ្លួនមិនដឹងមូលហេតុក្រោយភ្ជាប់ពាក្យមានគូដណ្តឹង ឪពុកម្តាយកំពុងមានការព្រួយបាម្ភទៅប្តឹងសមត្ថកិច្ចឲ្យជួយដើររកកូន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នារីវ័យក្មេងម្នាក់ដ៏ស្រស់ស្អាតត្រូវបានសាច់ញាតិប្រាប់ឲ្យដឹងថាមានឈ្មោះ ភួន ណាវ៉ាន់ អាយុ១៨ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបាត់ខ្លួនអស់រយៈពេល៩ថ្ងៃមកហើយមិនដឹងមូលហេតុ ក្រោយពីធីភ្ជាប់ពាក្យមានគូដណ្តឹងរួចហើយនោះ។

ការបាត់ខ្លួននាងនាំឲ្យឪពុកម្តាយ និងសាច់ញាតិកំពុងមានការព្រួយបារម្ភជាខ្លាំង រហូតដេកមិនលក់បាយមិនបានទៀតផង មិនដឹងថាការបាត់ខ្លួនកូនស្រីរូបនោះ ស្លាប់រឺរស់ និងខ្លាចរងការចាញ់បោកនៃការលួងលោមរត់ទៅតាមគូកំណាន់ចិត្ត រឺចាញ់បោកគេយកទៅជួញដូរ យ៉ាងណានៅឡើយនោះទេ។រយៈពេលដែលនាងបាត់ខ្លួន៩ថ្ងៃមកដល់ពេលនេះឪពុកម្តាយបាត់ដំណឹងសូន្យឈឹងតែម្តង។

បើតាមប្រភពព័ត៌មានពីសាច់ញាតិស្រ្តីវ័យក្មេងខាងលើប្រាប់ឲ្យដឹងថា នាងមានឪពុកឈ្មោះ សឿន ភួន អាយុ៥១ឆ្នាំ ម្តាយឈ្មោះ ប៉ោង សារី អាយុ៤៨ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពមានពីសាច់ញាតិដដែលឲ្យដឹងទៀតថា កាលពីក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៧ នាងត្រូវបានឪពុកម្តាយផ្គូរផ្គងភ្ជាប់ពាក្យឲ្យមានគូដណ្តឹង និងចូលរោងការនៅខែតុលាឆ្នាំ២០១៧ខាងមុខ ជាមួយបុរសម្នាក់នៅក្នុងភូមិជាមួយគ្នាដោយបុរសនោះធ្វើការងារនៅក្នុងប្រទេសថៃ។

នៅពេលដែលឪពុកម្តាយរៀបចំនាងឲ្យមានស្វាមីតាមប្រពៃណីជាមួយបុរសនៅក្នុងភូមិ នាងមិនបានប្រកែកអ្វីនោះឡើយ គឺនាងយល់ព្រមតាមឪពុកម្តាយទាំងអស់។ លុះពិធីភ្ជាប់ពាក្យបានរយៈពេលប្រហែល១០ថ្ងៃ នាងក៏បាត់ខ្លួនមិនដឹងមូលហេតុ។ ទោះបីឪពុកម្តាយសាច់ញាតិខំប្រឹងដើរស្វែងរកគ្រប់ច្រកល្ហក ក៏មិនដឹងនាងទៅណានោះទេ។

ដំណឹងនេះបើសិនជានាងម្ចាស់សាមីខ្លួនបានដឹងសូមឲ្យនាងត្រឡប់មកផ្ទះវិញ ពីព្រោះឪពុកម្តាយនិងសាច់ញាតិ កំពុងរង់ចាំនាង និងមានការព្រួយបារម្ភខ្លាំងណាស់៕ សំ វិច្ឆិកា


ចែករំលែក៖