ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋបាលរាជធានី នឹងសាងសង់ទីស្នាក់ការប៉ូលិសចរាចរណ៍មួយនៅកណ្តាលក្រុងភ្នំពេញ ដើម្បីអន្តរាគមន៍ភ្លាមៗ នៅពេលមានការកកស្ទះខ្លាំង។
ការបញ្ជាក់បែបនេះរបស់លោក ឃួង ស្រេង ត្រូវបានធ្វើនៅល្ងាចថ្ងៃទី០៨ សីហានេះ នៅសាលរាជធានីភ្នំពេញខណៈចែកអាវភ្លៀងដល់ប៉ូលិសចរាចរណ៍ចំនួន ៨៧៨អាវ ដើម្បីសម្រួលអោយប៉ូលីសបានប្រើប្រាស់ ដោះស្រាយការកកស្ទះចរាចរពេលមានភ្លៀងធ្លាក់។
លោកបន្ដថា៖ លោកមិនភ្លេចការលញបង់របស់បងប្អូនប៉ូលីសចរាចរណ៍នោះទេ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ភ្នំពេញនឹងនៅរួមសុខទុក្ខជាមួយបងប្អូនជានិច្ច ។ក្រៅពីនេះលោកអភិបាលរាជធានីភ្នំពេញរូបនេះក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ការគោរពច្បាប់ចរាចរណ៍នេះជាការ វាជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍៕ សំរិត