ព័ត៌មានទាន់ហេតុការណ៍៖

មួយគ្រួសាររស់នៅជាង៣០ឆ្នាំរងការបណ្តេញចេញពីផ្ទះ ដង្ហើយរកដំណោះស្រាយមនុស្សធម៌

ចែករំលែក៖

ភ្នំពេញ៖ លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជូនលិខិតសុំអន្តរាគមន៍ ចុះថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ ស្នើសុំដោះស្រាយតាមគោលនយោបាយមនុស្សធម៌ទៅឲ្យប្រធានសាលាដំបូងខេត្តសៀមរាប និង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីពិនិត្យដោះស្រាយជាសមត្ថកិច្ច។

ដំណោះស្រាយគោលនយោបាយមនុស្សធម៌នេះ បានធ្វើឡើងក្រោយពេលដែលភាគីឈ្មោះ ចៅ យុគចាន់ ហៅសាមចាន់ និងក្រុមគ្រួសាររួមជាមួយកូនតូចៗ៣នាក់ទៀត ដែលរស់នៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប អស់រយៈពេលជាង៣០ឆ្នាំ ត្រូវរងការបណ្តេញចេញពីផ្ទះតាមអំណាចសាលដីកាស្ថាពររបស់តុលាការកំពូល។

កាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០១៧ លោកជួន សុបញ្ញាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបបានឲ្យក្រឡាបញ្ជីប្រាប់ភាគីចាញ់ក្តីមកយកប្រាក់ចំនួន១០០០ដុល្លារជាថ្លៃរុះរើផ្ទះទៅវិញ។ប៉ុន្តែលោកកើត វណ្ណរ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបបានអះអាងថានឹងជួយធ្វើការចរចាដើម្បីសម្របសម្រួលតាមគោលនយោបាយមនុស្សធម៌។

ចំណែកភាគីត្រូវរងការបណ្តេញចេញពីផ្ទះនៅតែសំណូមពរយ៉ាងទទូចសុំឲ្យមានដំណោះស្រាយស្របតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងសុំឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនមេត្តាជួយអន្តរាគមន៍រកការដោះស្រាយតាមគោល នយោបាយមនុស្សធម៌នេះផង។

មជ្ឍដ្ឋានអ្នកច្បាប់ចាត់ទុកថា ដំណោះស្រាយនេះ ស្របតាមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពោលគឺត្រូវមានការសម្របសម្រួលរវាងភាគីឈ្នះក្តីនិងភាគីចាញ់ក្តី ដោយមិនទុកអោយនរណាម្នាក់រងការឈឺចាប់ខ្លោចផ្សារ ដោយសារការបណ្តេញចេញនេះទេ។

ក្នុងលិខិតលេខ២០០កយ.អកអ.១៧ ចុះថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌បានបញ្ជាក់ថា ក្រសួងយុត្តិធម៌បានទទួលពាក្យសុំអន្តរាគមន៍ របស់ឈ្មោះចៅ យុគចាន់ និង ក្រុមគ្រួសារ។ នៅក្នុងពាក្យសុំអន្តរាគមន៍នេះបានអះអាងថា ឈ្មោះចៅ យុគចាន់ ត្រូវបានលោកតា ចៅ យ៉ាំ និងប្រពន្ឋឈ្មោះយិត ឡាង យកមករស់នៅជាមួយលើផ្ទះទំនាស់តាំងពីឆ្នាំ១៩៨៦។ លុះដល់ឆ្នាំ១៩៩៨ តាយាយ បានរៀបការមានចៅ យុគចាន់ ជាមួយនឹងប្តីឈ្មោះសុច ច្រឹង និងមានកូន៣នាក់ រស់នៅលើដីនិងផ្ទះ ទំនាស់នេះ រហូតមកដល់សព្វថ្ងៃមានរយៈពេលជាង៣០ឆ្នាំមកហើយ។

លិខិតដដែលបានបន្តថា ស្រាប់តែនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ឈ្មោះ យិត ខាវ និងប្រពន្ឋឈ្មោះ សោ ប៊ុនណារី ត្រូវជាកូនបង្កើតនិងកូនប្រសាររបស់តាយាយ បានដាក់ពាក្យបណ្តឹងទៅសាលា ដំបូងខេត្តសៀមរាប ប្តឹងសុំកាន់កាប់និងគ្រប់គ្រងលើដីនិងផ្ទះទំនាស់ ស្ថិតនៅ ភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ភាគីទំនាស់បានប្តឹងផ្តល់គ្នារហូតដល់តុលាការកំពូល។ ជាចុងក្រោយ តុលាការកំពូលបានសម្រេចប្រគល់ដីនិងផ្ទះទំនាស់នេះ ទៅអោយឈ្មោះយិត ខាវ និងប្រពន្ឋឈ្មោះសោ ប៊ុនណារី ជាអ្នកកាន់កាប់និងគ្រប់គ្រងតាមអំណាចសាលដីកាលេខ ១០៦ជ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ។

លិខិតនេះបានអះអាងថា ចំពោះការសម្រេចនេះភាគីឈ្មោះចៅ យុគចាន់ មិនជំទាស់ទេ។ ប៉ុន្តែដោយសារតែខ្លួនមករស់នៅលើដីនិងផ្ទះទំនាស់នេះ និងបានបម្រើតាចៅ យ៉ាំ និងយាយយិត ឡាង តាំងពីខ្លួនអាយុ៦ឆ្នាំ រហូតដល់បច្ចុប្បន្នមានរយៈពេលជាង៣០ឆ្នាំ ហើយខ្លួនក៏ពុំមានដីឬផ្ទះសម្រាប់រស់នៅក្រៅពី ដីនិងផ្ទះទំនាស់ខាងលើនេះទេ។ ដូច្នេះភាគីចៅ យុគចាន់ សំណូមពរសុំអោយមានដំណោះស្រាយដល់ខ្លួន និងក្រុមគ្រួសារក្នុងគោលដៅគោលនយោបាយមនុស្សធម៌។

អាស្រ័យហេតុនេះ ក្រសួងយុត្តិធម៌សូមចាត់បញ្ជូនពាក្យសុំអន្តរាគមន៍និងឯកសារពាក់ព័ន្ធជូន លោកប្រធានសាលាដំបូងខេត្តសៀមរាប និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដើម្បីដោះស្រាយជាសមត្ថកិច្ច៕ ចេស្តា

 


ចែករំលែក៖