ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ និងស្រាល ក្រោយជិះម៉ូតូប្រដេញគ្នាក៏ជ្រុលទៅបុករថយន្តស៊េរីទំនើប

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ បានបើកប្រដេញគ្នាជាមួយម៉ូតូ៤គ្រឿងទៀតមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកម៉ាសឺដែសចំពាក់កណ្ដាលរថយន្ត បណ្ដាលឲ្យនារីម្នាក់រងរបួងធ្ងន់ និងយុវជន២នាក់ទៀតរងរបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចតាមបណ្តោយផ្លូវ៥១ (ផ្លូវប៉ាស្ទ័រ) សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យ​ដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមយុវជនមួយក្រុមបានជិះម៉ូតូចំនួន៥គ្រឿង ដោយបើកប្រដេញគ្នាយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូយុវជនរងគ្រោះមួយគ្រឿង ហុងដា សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ចាម1N-1730 ជិះ​គ្នា៣នាក់ ក្នុងនោះស្រីម្នាក់ ចាប់ហ្វ្រាំ​ងមិនទាន់ ក៏ជ្រុលទៅបុករថយន្តម៉ាកសឺដែសមួយគ្រឿងស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខ 2AT-1088 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង យ៉ាងពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូ រងរបួសធ្ងន់ម្នាក់គឺជានារី ចំណែកឯបុរស២នាក់ទៀតរបួសស្រាល ។ ក្នុងហេតុការណ៍នោះដែល គេឃើញប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បាននាំគ្នាជួយអន្តរគមន៍និងហៅរុឺម៉កកង់បីដឹកយកទៅមន្ទីពេទ្យភ្លាមៗផងដែរ ។

រថយន្តរងគ្រោះ បានរងការខូចខាតផ្នែកខាងមុខបែកកញ្ចក់ទ្វារខាងឆ្វេង រីឯភាគីខាងម៉ូតូខូចខាតផ្នែកខាងមុខទាំងស្រុង ។

ក្រោយកើតហេតុ នគរបាលជំនាញ បានចុះមកដល់និងធ្វើការវាស់វែង យករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមនីតិវិធី ៕ ស តារា


ចែករំលែក៖