ព័ត៌មានទាន់ហេតុការណ៍៖

នៅព្រឹកថ្ងៃទី១១ ខែសីហា សាលាឧទ្ធរណ៍សវនាការរឿងក្ដីលោក សម រង្ស៊ី ចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា សម្លាប់បណ្ឌិតកែម ឡី

ចែករំលែក៖

ភ្នំពេញ៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១១ ខែសីហា នេះ នឹងបើកសវនាការរឿងក្ដីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធការចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា នៅពីក្រោយខ្នង នៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី ។

លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែង ថា សវនាការនេះដឹកនាំដោយលោក ញូង ធុល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ។

គួររំលឹកថា បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគារ១ឆ្នាំ៨ខែ ពិន័យ១០លានរៀល និងសងសំណង១០០រៀល នោះ ត្រូវបានលោកមេធាវី គី តិច មេធាវី អះអាងថា ការផ្តន្ទាទោសលោក សម រង្ស៊ី ពាក់ព័ន្ធសំណុំនេះមិនទាន់សមល្មម ទៅនឹងទោសកំហុសដែលលោក សម រង្ស៊ី បានប្រព្រឹត្តចោទ ប្រកាន់លើស្ថាប័នកំពូលរបស់ប្រទេសនោះទេ។

មេធាវីដែលមានជំនាញការពារកូនក្តី លោក គី តិច បានបន្តអះអាង ថា «មតិផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងនាមមេធាវីការពារក្តីឲ្យសម្តេចតេជោ ហ៊ុន សែន ការកាត់ទោសលោក សម រង្ស៊ី ដាក់ពន្ធនាគារ១ឆ្នាំ៨ខែ មិនទាន់សមល្មមសម្រាប់ខ្ញុំទេ ព្រោះលោក សម រង្ស៊ី បានចោទប្រកាន់យ៉ាងធ្ងន់ធ្ងរមកកាន់ ប្រមុខដឹកនាំប្រទេស ពាក់ព័ន្ធសំណុំរឿងសម្លាប់លោកបណ្ឌិត កែម ឡី ដែលធ្វើឲ្យមហាជនមានការ យល់ច្រឡំ និងបញ្ឆេះកំហឹងប្រជាពលរដ្ឋចោទប្រកាន់ខុសការពិតមកដល់រាជរដ្ឋាភិបាល ដែលស្ថាប័នជាន់ខ្ពស់របស់ប្រទេសក្រោមការ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន»។

លោកមេធាវី បានបញ្ជាក់ថា ការមិនទាន់សមល្មមនេះគឺលោកសំដៅទៅលើការផ្តន្ទាទោសតែមួយចំណុចប៉ុណ្ណោះ ចំណែកការពិន័យប្រាក់ ១០លានរៀល និងសំណង១០០រៀល មិនទាស់អីនោះទេ។

លោក សម រង្ស៊ី ជាប់ចោទពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមមាត្រា៣០៥, មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

កន្លងទៅរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ការចោទប្រកាន់របស់លោក សម រង្ស៊ី មកលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ជាអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នោះ មិនត្រឹមតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់សម្តេចតេជោប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានចរិតជាការញុះញង់បំផុសបំផុល ក្នុងចេតនាបញ្ឆេះកំហឹងមហាជន ដែលអាចបង្កឲ្យមានចលាចលក្នុងសង្គម និងប៉ះពាល់ដល់ដំណើរការនីតិវិធី របស់តុលាការទៀតផង ។

ជាការឆ្លើយតបនូវការចោទប្រកាន់គ្មានភស្តុតាងនេះ មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ បានសំណូមពរឲ្យតុលាការផ្តន្ទាទោសលោកសម រង្ស៊ី តាមច្បាប់ និងទាមទារសំណងជំងឺចិត្តក្នុងត្រឹមតែ១០០រៀលប៉ុណ្ណោះ៕ចេស្តា


ចែករំលែក៖