ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្ត១គ្រឿង ម៉ាកតូយ៉ូតាព្រូស ក៏ជ្រុសទៅបុកម៉ូតូ១គ្រឿង មាកហុងដាឌ្រីម បណ្ដោយឲ្យបុរសម្នាក់រងរបួសស្រាល

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់បើករថយន្ត១គ្រឿង ម៉ាកតូយ៉ូតាព្រូស ក៏ជ្រុសទៅបុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម បណ្ដោយឲ្យបុរសម្នាក់រងរបួសស្រាល ហើយរថយន្តបង្កព្យាយាមបើករត់គេច តែគេចមិនផុតពីសមត្ថកិច្ច និងប្រជាពលរដ្ឋ ក៏ត្រូវបាននាំគ្នាឃាត់ភ្លាមៗ កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវព្រះនរោត្តម ជិតស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅគេឃើញបុរសម្នាក់រថយន្ត១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-7890 ធ្វើដំណើរចេញពីផ្លូវលេខ៤៦៦ ក្នុងទិសដៅពីលិចទៅកើតក្នុងស្ថានភាពស្រវឹងលុះមកដល់ចំណុចកើតហេតុ ក៏ជ្រុសទៅបុកម៉ូតូ១គ្រឿង មាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាក់លេខ 1AT-2949 ដែលកំពុងធ្វើដំណើរនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ជិតក្រុមហ៊ុនទូរស័ព្ទចល័តស្មាត បណ្តាលឲ្យមនុស្សម្នាក់រងរបួសស្រាល និងខូចខាតម៉ូតូបន្ទិចបន្ទួច។

ភ្លាមៗនោះអ្នកបើករថយន្តបង្កមិនព្រមឈប់ហើយបានព្យាយាមបើករត់គេចរហូត រេចង្កូតទៅបុកជាមួយនឹងម៉ូតូ២គ្រឿងទៀត ដែលមានចម្ងាយពីកន្លែងកើតហេតុប្រហែលជា១០០មែត្រ ទល់មុខនឹងសាកលវិទ្យាល័យភូមិមិន្ទនីតិសាស្រ្ត (ហៅសាលាច្បាប់) ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ឲ្យសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន ព្រមទាំងនាំគ្នាដេញតាមឃាត់រថយន្តបង្កបាននៅចំណុចផ្លូវព្រះនរោត្តមជិតនឹងស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនទើបឈប់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះទៅវាស់វែងយករថយន្តបង្ក និងម៉ូតូយកទៅរក្សាទុកនៅខណ្ឌចំការមនរង់ចាំដោះស្រាយតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖