ភ្នំពេញៈ បុរសម្នាក់បានវាយជីដូនបង្កើតខ្លួនឯងរហូតដល់ស្លាប់ ព្រោះតែខឹងជីដូនស្ដីបន្ទោស មិនឲ្យឡើងអង្គុយលេងលើដំបូលផ្ទះ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៤ ផ្លូវ៥៨២ហ្សេត ក្រុមទី៥ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលខណ្ឌទួលគោក ឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាក់ស្ដែង ពីបទឃាតកម្មគិតទុកជាមុន ដោយយកឈើជ្រុងវាយក្បាលជនរងគ្រោះពីក្រោយបណ្ដាលឲ្យស្លាប់។
ជនសង្ស័យរូបនេះ មានឈ្មោះ ឆាយ ស៊ិនហូ ហៅ ទូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ (សព) មានឈ្មោះ ក្រួច សុខា ភេទស្រី អាយុ៧៥ឆ្នាំ មុខរបររើសអេតចាយ បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយមានស្នាមវាយឲ្យរបួសបែកក្បាលពីក្រោយផុងលលាដ៍។ ទាំងជនរងគ្រោះ និងជនសង្ស័យរស់នៅចំណុចផ្ទះកើតហេតុខាងលើ។
សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ដែលត្រូវជាជីដូនរបស់ជនសង្ស័យឈ្មោះ ឆាយ ស៊ិនហូ ហៅ ទូ និងឈ្មោះ ឆាយ លីដា ភេទស្រី អាយុប្រហែល២៦ឆ្នាំ ត្រូវជាបងស្រីជនសង្ស័យ កំពុងនៅក្នុងផ្ទះទាំងអស់គ្នា។ បន្ទាប់មក ជនសង្ស័យបានទៅបើកគម្របស័ង្កសីដើម្បីឡើងទៅលេងនៅលើដំបូលផ្ទះជាន់ខាងលើ (រានហាល) ប៉ុន្តែត្រូវជីដូនស្រែកស្ដីបន្ទោសខ្លាំងៗមិនឲ្យឡើង ព្រោះខ្លាចភ្លៀងលិចតាមដំបូលចូលផ្ទះ ទើបធ្វើឲ្យជនសង្ស័យខឹងសម្បារ ហើយបានទាញយកឈើជ្រុងប្រវែងប្រហែល០,៧០ម៉ែត្រ ដែលទុកនៅក្នុងផ្ទះស្រាប់នោះ យកទៅវាយក្បាលជីដូនពីក្រោយចំនួន៥ឈើជ្រុង បណ្ដាលឲ្យជនរងគ្រោះដួលផ្កាប់មុខនៅលើគ្រែ។ នៅពេលកើតហេតុនោះ ឈ្មោះ លីដា ត្រូវជាបងស្រី បានចូលឃាត់ដែរ ប៉ុន្តែជនសង្ស័យមិនស្ដាប់ ទើបសមត្ថកិច្ចចូលទៅអន្តរាគមន៍ ហើយឃាត់ខ្លួនជនសង្ស័យជាក់ស្ដែងភ្លាមៗតែម្ដង។
ចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាចៅសពបានសារភាពថា ខ្លួនបានមករស់នៅជាមួយជីដូនអស់រយៈពេល៥ឆ្នាំមកហើយ ហើយក្នុងការរស់នៅកន្លងមក ជីដូនតែងតែស្ដីបន្ទោសឲ្យខ្លួនជាញឹកញាប់ ទើបខ្លួនគុំខឹងរហូតដល់ថ្ងៃកើតហេតុ បានយកឈើជ្រុងវាយបណ្ដាលឲ្យស្លាប់តែម្ដង។
បែបណាក៏ដោយ ហេតុការណ៍នេះ បានបង្កើតជាភាពសោកសង្រែងយ៉ាងខ្លាំងចំពោះគ្រួសារ ដោយជីដូនរងគ្រោះ ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យព្រះកេតុមេលា ហើយក៏ដាច់ខ្យល់ស្លាប់។ ចំណែកឯចៅវិញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី៕ ហេង សូរិយា