ភ្នំពេញៈ បុរសជនអនាថាម្នាក់ បានប្រកាច់ស្លាប់ បន្ទាប់ពីរថយន្តមួយគ្រឿង បានថយកក្រោយមិនប្រុងប្រយ័ត្ន កិនពីលើគាត់ និងអូសជាង៥ម៉ែត្រ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះប្រជាពលរដ្ឋទល់មុខផ្សារសូរិយ៉ាម៉ល តាមបណ្ដោយផ្លូវលេខ១៥៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា គេតែងតែឃើញបុរសអនាថារងគ្រោះរូបនេះ ដើរទៅមកនៅម្ដុំនេះជារៀងរាល់ថ្ងៃ ប៉ុន្តែគេមិនដែលស្គាល់អត្តសញ្ញាណឡើយ ហើយតែងដេកនៅមុខគេរហូតមក។ នៅថ្ងៃកើតហេតុនេះ បុរសរងគ្រោះបានទៅដេកនៅមុខផ្ទះប្រជាពលរដ្ឋ(កន្លែងកើតហេតុ)ដូចសព្វមួយដង លុះខណៈគាត់កំពុងលង់លក់ក្នុងដំណេកនោះ ស្រាប់តែមានគេបើករថយន្តមិនចាំម៉ាក បានថយក្រោយទៅកិនពីលើគាត់ ហើយរថយន្តបើកអូសជាង៥ម៉ែត្រ បណ្ដាលឲ្យគាត់ដេកប្រកាច់រហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែករថយន្តបង្ក ក្រោយកើតហេតុ បានបើកគេចខ្លួនបាត់ស្រមោលតែម្ដង។
ក្រោយមក ទើបគេឃើញសមត្ថកិច្ចជំនាញចុះដល់កន្លែងកើតហេតុ ហើយទាក់ទងទៅរថយន្តមកដឹកយកសពបុរសអនាថាយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ហេង សូរិយា