ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​ពីរ​នាក់ត្រូវឃាត់ខ្លួន ក្រោយ​ប្រើ​ហិង្សា​ក្នុង​ជម្លោះដីធ្លី​

ចែករំលែក៖

ខេត្តកំពត​៖ ពលរដ្ឋ​​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយពី​បាន​បង្ក​ឲ្យ​សន្តិសុខ​របស់​ក្រុមហ៊ុន ចាន់ សុធា ម្នាក់​រងរបួស​ធ្ងន់ រួម​និង​រថយន្ត​ពីរ​គ្រឿង​ទៀត បាន​រង​នូវ​ការ​ខូច​ខាត នៅក្នុង​ជម្លោះដីធ្លី​ដ៏​ក្តៅគគុក រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន ដែល​បាន​កើតឡើង​កាលពី​សៀ​ល​ថ្ងៃទី​១០ ខែសីហា​កន្លងទៅនេះ នៅ​ចំណុច​ភូមិ​តេ​ជោ​អង្កាញ់ ឃុំ​តេ​ជោ​អភិវឌ្ឍ​ន៏ ស្រុក​ឈូក ខេត្តកំពត។​

​បើ​យោងតាម​លោក​វ​រះ​សេនីយ៍​ទោ ហែម ចាន់​ដា​រ៉ា មេបញ្ជាការរង និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្តកំពត បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ខាងលើ ១.​ឈ្មោះ ជា ស៊ីថា ហៅ ចេក ភេទ ប្រុស អាយុ 46 ឆ្នាំ មុខរបរ អ្នក​សា​ព័ត៌មាន អំណាច​ប្រជាជន​, ២.​ឈ្មោះ សុខ ពិសី ភេទ ប្រុស អាយុ​52 ឆ្នាំ មុខរបរ ជាងមាស អ្នក​ទាំងពីរ​រស់នៅ​ភូមិ​តេ​ជោ​អង្កាញ់ ឃុំ​តេ​ជោ​អភិវឌ្ឍ​ន៏ ស្រុក​ឈូក ខេត្តកំពត។​

​គួរ​បញ្ជាក់ថា ការឃាត់ខ្លួន​ពលរដ្ឋ​ដែលជា​ជនសង្ស័យ​ខាងលើនេះ បាន​ធ្វើឡើង​នៅក្រោយ​ការប៉ះទង្គិច​គ្នា រវាង​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជា​២០​នាក់ ដែល​ប្រដាប់​ដោយ​ដំបង​និង​ពូថៅ ហើយ​ពលរដ្ឋ​ទាំងពីរ​នាក់​ខាងលើ​ជា​ជនដៃដល់ ក្នុងការ​បង្ក​ហិង្សា​​បណ្តាល​ឲ្យ​កំលាំង​សន្តិសុខ​ក្រុមហ៊ុន និង​រថយន្ត បាន​រងរបួស​និង​រង​ការខូចខាត។​

​មូលហេតុ​ដែល​ផ្តើម​ឲ្យ​មាន​អំពើហិង្សារ​នេះ គឺ​ដោយសារ​ក្រុម​ប្រជាពលរដ្ឋ​បាននាំគ្នា​មក​សាង​សង់ផ្ទះ​នៅ​លើដី​មួយកន្លែង ដែល​ក្រុមហ៊ុន ចាន់​សុធា អះអាងថា​ជា​ដី​របស់ខ្លួន​ហើយ​ក៏បាន​បញ្ជា​ឲ្យ​ក្រុម​សន្តិសុខ​ទៅ​ឃាត់​ប្រជាពលរដ្ឋ ។ សកម្មភាព​ជជែក​គ្នា​រវាង​សន្តិសុខ​ក្រុមហ៊ុន​និង​ពលរដ្ឋ បាន​បង្ក​ឲ្យ​មាន​ជម្លោះ​ឡើង រហូត​ឈានដល់​ក្រុម​ពលរដ្ឋ​ដេញ​វាយ​សន្តិសុខ និង​ស្ទាក់​តាម​វាយ​រថយន្ត​របស់​ក្រុមហ៊ុន រហូត​ខាង​ក្រុមហ៊ុន​ទប់ទល់​មិន​ឈ្នះ​បាននាំគ្នារ​ត់រៀងៗ​ខ្លួន៕ ហេង សូរិយា


ចែករំលែក៖