ភ្នំពេញ៖ ទីបំផុតនៃការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមពានរង្វាន់ NOCK OUT SERIES ប្រភេទទម្ងន់៦៣.៥គីឡូក្រាម ដែលមានសមាសភាពកីឡាករ ចូលរួមចំនួន៣២នាក់ មកពីក្លិបនានា ក្នុងប្រទេសកម្ពុជានោះ ត្រូវបានបញ្ចប់ហើយ ក្រោយកីឡាករ ៤នាក់ ឆ្លងផុតវគ្គប្រកួតជម្រុះ រហូតឈានដល់ប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ នោះកីឡាករ ពុយ វណ្ណៈ មកពីក្លិប ឃ្លាំងមឿងកីឡា ខេត្តពោធិសាត វាយឈ្នះកីឡាករ ពុទ្ធ សំបូរ ក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ដោយពិន្ទុ។
ចំពោះការប្រកួតនេះ កីឡាករ ពុយ វណ្ណៈ គ្រងតំណែង ជាម្ចាស់ជើងឯក ចំណាត់ថ្នាក់លេខ១ ទទួលបានពានរង្វាន់ចំនួន១ អមនិងថវិកាចំនួន៤,០០០ដុល្លារ ។ កីឡាករ ពុទ្ធ សំបូរ ជាប់ចំណាត់ថ្នាក់លេខ២ ទទទួលបាន ពានរង្វាន់ចំនួន១ និងថវិការអមចំនួន២,០០០ដុល្លារ ។
ដោយឡែកកីឡាករ សុខ សុវណ្ណ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ ប្រកួតឈ្នះ កីឡាករ មាស សុជាតិ មកពីក្លិប ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមិនអស់ចិត្ត ។ ដូច្នេះ កីឡាករ សុខ សុវណ្ណ ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ ប្រចាំរដូវកាល ពានរង្វាន់ NOCK OUT SERIES ប្រភេទទម្ងន់៦៣.៥គីឡូក្រាម ដោយទទួលបានពានរង្វាន់តូចចំនួន១ និងថវិកាអមចំនួន ៧៥០ដុល្លារ និងកីឡាករ មាស សុជាតិ ទទួលបានថវិកាចំនួន៥០០ដុល្លារ ៕ សារីម