ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនដើរម្នាក់ឯង ត្រូវជនសង្ស័យមួយក្រុមវាយបម្រុងយកទ្រព្យសម្បត្តិ តែមិនបានសម្រេចឃាត់បានម្នាក់វាយឡើងទ្រម

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិម្នាក់ ខណៈកំពុងដើរតាមផ្លូវតែម្នាក់ឯង ក៏មានជនសង្ស័យមួយក្រុម មានគ្នាប្រមាណ៥នាក់ មកធ្វើសកម្មភាពព្រួតវាយបំណងយកទ្រព្យសម្បត្តិ តែត្រូវប្រជាពលរដ្ធឃើញហេតុការណ៍សហការគ្នា ដេញជនសង្ស័យនិងឃាត់បានម្នាក់វាយសល់ដង្ហើមចង្រិត រីឯជនរងគ្រោះរបួសធ្ងន់ បានទៅសង្គ្រោះនៅក្លីនិកឯនជនភ្លាមៗ។

ហេតុការណ៍នេះនៅវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៤ សីហា ២០១៧ នៅលើផ្លូវបេតុងអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ខណៈដែលជនសង្ស័យម្នាក់ និងជនរងគ្រោះស្ថិតក្នុងស្ថានភាពធ្ងន់ ដោយមិនទាន់រៀបរាប់ពីសាច់រឿង និងអត្តសញ្ញាណ បាននៅឡើយទេ ។

តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជនជាតិចិន ដើរតែម្នាក់ឯងតាមផ្លូវបេតុងអង្គតាមិញ ដោយក្នុងដៃមានកាន់ម្ហូបនិងស្រាបៀរ លុះដើរមកដល់ចំណុចផ្លូវកោងក្រោយបន្ទាយកងភេរវកម្ម ក៏ស្រាប់តែមានជនសង្ស័យប្រមាណ៥ តាមមកវាយក្នុងបំណងយកទ្រព្យសម្បត្តិពីជនរងគ្រោះ តែមិនទាន់បានផង ជនរងគ្រោះបានស្រែកឆោឡោរឡើង បង្កអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ធនៅទីនោះនាំគ្នាមកជួយជនរងគ្រោះ ទើបធ្វើអោយជនសង្ស័យរត់ខ្លះ ឃាត់បានម្នាក់នៅកន្លែងកើតហេតុ រួចបានសំពង ឡើងទ្រមខ្លួនសល់ដង្ហើមចង្រិត ក្រោយជនរងគ្រោះត្រូវបានគេដឹកទៅសង្គ្រោះនៅក្លីនិកឯនជន ចំណែកជនសង្ស័យដេករងរបួសធ្ងន់នៅនិងកន្លែង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ធានបានចុះទៅពិនិត្យ និងនាំជនសង្ស័យទៅមន្ទីរពេទ្យដោយមានការ ការពារយ៉ាងតឹងរឹងនៅមន្ទីរពេទ្យ រួចបានសួរនាំប្រភពនៅកន្លែង ធ្វើឯកសារនិងទៅទទួលពាក្យបណ្តឹងជនរងគ្រោះដល់ក្លីនិកដោយមានអ្នកបកប្រែ ដើម្បីងាយស្រួលកំណត់មុខសញ្ញាដែលរត់គេចខ្លួន ព្រមទាំងចម្លើយរបស់ជនសង្ស័យនៅពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖