ព័ត៌មានទាន់ហេតុការណ៍៖

មិនទាន់នឹងធ្វើសកម្មភាពផង ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោឃាត់ខ្លួន កាលពីវេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខសាលាសង្កាត់សាក់សំពៅ លើផ្លូវទំនប់៧មករា ស្ថិតនៅភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចោទពីបទល្មើសអំពើប៉ុនប៉ងលួច(ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោរកម៉ូតូ)។

លោក ជឹម សុីថា ដែលជាអធិការនគរបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា ជនសង្ស័យ២នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖ ទី១.ឈ្មោះ សុខ ភឿន ហៅ ស្វិត ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។និងទី២.ឈ្មោះ ចាន់ ធឿន ភេទប្រុស អាយុ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដែលដកហូតពីជនសង្ស័យខាងលើបានរួមមាន ៖ ១.ដែកជ្រុងចុងសំប៉ែតស្រួចចំនួន០២ , ២.សោរខ្សៀលេខ៨ចំនួន០១ , ៣. កូនសោរម៉ូតូចំនួនមួយ , ៤.ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FV-1468 លេខតួ និងលេខម៉ាស៊ីន9572486 , ៥.សោរដោះម៉ូតូមួយចំនួន ។

លោកអធិការនគរបាលខណ្ឌដង្កោ បានប្រាប់បន្តឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៨និង០០នាទីព្រឹក កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ តាមផ្លូវជាតិលេខ២០A ស្ថិតនៅសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឃើញជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ សុខ ភឿន ហៅ ស្វិត ភេទប្រុស អាយុ៣៩ឆ្នាំ ទី០២ឈ្មោះ ចាន់ ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FV-1468 លេខតួ និងលេខម៉ាស៊ីន9572486 បានជិះឌុបគ្នាពីកើតទៅលិច ហើយកម្លាំងសមត្ថកិច្ចក៏មានការសង្ស័យ ក៏ជិះដេញតាមពីក្រោយ រហូតដល់ចំណុចខាងមុខសាលាសង្កាត់សាក់សំពៅ ស្ថិតនៅភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ ត្រួតពិនិត្យ ដោយរកឃើញដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោរកម៉ូតូចំនួន០២ នៅក្នុងហោប៉ៅអាវខាងស្តាំ និងសោរខ្សៀលេខ០៨ចំនួន០១ នៅចង្កេះខោរបស់ជនសង្ស័យឈ្មោះ ចាន់ ធឿន ហើយសមត្ថកិច្ចយើងក៏បាននាំខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាង យកមកសាក សួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។

បច្ចុប្បន្នជនសងសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖