ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជអាជ្ញាខេត្តកំពង់ធំបញ្ជាឲ្យឃាត់ឡានដឹកគ្រញូងបុកម៉ូតូស្លាប់មនុស្ស២នាក់

ចែករំលែក៖

ខេត្តកំពង់ធំៈ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃ ទី១៤ ខែ សីហា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវអាស៊ាន វាងក្រុង ស្ថិតនៅក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុង ស្ទឹង សែន ខេត្តកំពង់ធំមានករណី រថយន្ត៤៧០ដឹកគ្រញូងបើកបុកម៉ូតូមួយគ្រឿងអូសចំងាយ៣០០ម៉ែត្របណ្តាលឲ្យមនុស្ស២ស្លាប់ ក្រោយពីកើតហេតុ តៃកុងឡានបានរត់គេចខ្លួនបាត់ស្រមោល ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ថា មានករណីរថយន្តដឹកឈើគ្រញូង បើកបុកម៉ូតូបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ លោកក៏បានចុះទៅ ដល់កន្លែងកើតហេតុភ្លាមៗ រួមជាមួយលោក ឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដើម្បីពិនិត្យវត្ថុតាង រថយន្ត ក្រោយពីពិនិត្យរួចបានបញ្ជាក់ថា រថយន្តបង្ករ ជាប្រភេទ រថយន្តម៉ាក៤៧០ ពណ៌ ខ្មៅ ពាក់ស្លាកលេខ 2I- 0730 ដឹកឈើគ្រញូងពេញក្នុងរថយន្ត ឯតៃកុងរថយន្ដរូបនេះក៏មានការពាក់ព័ន្ឋនឹងការប្រើប្រាស់គ្រឿងញៀនផងដែរ។

ក្រោយពីកើតហេតុតៃកុងរថយន្ដ បានចុះរត់ ហើយមានរថយន្ដផ្សេងទៀតមកដឹកបណ្តោះយកតៃកុងទៅបាត់ ចំណែកជនរងគ្រោះទី១ឈ្មោះ នឿន នត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ពាមក្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ស្លាប់នៅកន្លែងកើតហេតុ ទី២ ឈ្មោះសឿប ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ពពីង ឃុំកំពងគោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើកំណត់ហេតុ​ចងក្រងសំនុំរឿង និងប្រគល់សាក សព ដល់សាច់ញាតិ ក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត រួមទាំងឈើគ្រញូងត្រូវបាន នាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ ស្ទោង លុះព្រឹកឡើង ធ្វើការវាស់វែងឃើញមានចំនួន128ដុំស្មើ ១៤៥៤គីឡូស្មើរ១.២១១គូប៕ ប៊ុន រិទ្ធី


ចែករំលែក៖