ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ជាយោធិនចូលនិវត្តន៍ស្លាប់ដោយសារលង់ទឹកស្រះក្រោយផ្ទះពេលទៅមើលមង

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ យោធិនចូលនិវត្តន៍ម្នាក់លង់ទឹកទំនប់ក្រោយផ្ទះ ខណៈចុះទៅមើលមងទំនងខ្យល់គរ ទើបបណ្តាលជើងជាប់មងឈ្លក់ទឹកស្លាប់មួយរំពេច។

ហេតុការណ៍នេះកើតនៅវេលាម៉ោង៨ជាងព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។

តាមការរៀបរាប់របស់ប្រពន្ធគ្រួសារសព ថា មុនពេលកើតហេតុជនរងគ្រោះបានដើរទៅមើលមងនៅពេលព្រឹកព្រលឹម ក្រែងបានត្រីយកមកធ្វើម្ហូប ព្រោះមងដាក់ចោលច្រើនថ្ងៃហើយ ក្រោយមកមិនយូរប៉ុន្មាន ស្រាប់តែឮក្មេងស្រែកថា ឃើញប្តីគាត់អណ្តែតអាវ និងសក់ក្បាលប៉្រុយៗឡើង គាត់សង្ស័យក៏ដើរមកមើល ឃើញដូច្នេះ ក៏ស្រែកហៅគេឯងឲ្យជួយ តែអកុសល ប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់ក្នុងទឹកទៅហើយ ព្រោះអីប្តីរបស់គាត់ឮថាគាត់មិនសូវស្រូលខ្លួនប្រហែលកើតខ្យល់ផង។

គាត់បន្តទៀតថា ប្តីគាត់ មានឈ្មោះទេព សុផាត អាយុ៦០ឆ្នាំ បានចូលនិវត្តន៍ រស់នៅភូមិ ឃុំកើតហេតុខាងលើ ដោយសារតែការធ្វេសរបស់គាត់ ព្រោះប្តីគាត់កើតខ្យល់ប៉ុន្មានថ្ងៃហើយ គាត់អាងថា មិនអី ទើបធ្វើឲ្យ ប្តីគាត់មានគ្រោះថ្នាក់បែបនេះទាំងភ្នែកស្រស់ៗមួយរំពេច។

តាមការបញ្ជាក់ពីសមត្ថកិច្ច នគបាលប៉ុស្តិ៍ឃុំព្រះបាទ លោក វ័រ សុខឿន បាននិយាយថា តាមការពិនិត្យទៅលើសាកសពពុំមានអ្វីគួរឲ្យកត់សម្គាល់ថាជា ករណីឃាតកម្មនោះទេ ព្រោះគ្មានស្លាកស្នាមណាមួយគួរឲ្យសង្ស័យឡើយ គឺពិតជាខ្យល់គរ ដូចគ្រួសារសពបានបញ្ជាក់ខាងលើ ពិតមែន ព្រោះអីតាមការអះអាងរបស់ស្ត្រីត្រូវជាប្រពន្ធសពថា គាត់មានអាការមិនស្រួលខ្លួនជាច្រើនថ្ងៃ ទើបដល់ថ្ងៃកើតហេតុ ជនរងគ្រោះចុះទៅមើលមង ក៏ធ្វើទុក្ខប្រកាច់ជាប់មងឈ្លក់ទឹកស្លាប់មួយរំភេចតែម្តង ៕ មាស សុផាត


ចែករំលែក៖