ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បញ្ជាឲ្យក្រុមហ៊ុនប៊ូយ៉ុងចាក់បេតុងការពារ កុំឲ្យមានការបាក់ដីនៅការដ្ឋាន សំណង់ខុនដូ ជាប់ផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខនេះជាបន្ទាន់

ចែករំលែក៖

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានបញ្ជា ឲ្យ ក្រុមហ៊ុនប៊ូយ៉ុង ដែលម៉ៅការ ធ្វើការដ្ឋានសំណង់ខុនដូ ផ្ទះល្វែង ស្ថិតនៅសង្កាត់ទឹកថ្លា ដើម្បីទប់ស្កាត់ធ្វើយ៉ាងណាកុំឲ្យ មានការបាក់ដីបង្កហានីភ័យ នៅការដ្ឋានសំណង់កំពុងជីកគ្រឹះ គ្មានបច្ចេសបែប នេះបន្តទៀត បើមិនដូច្នេះទេវានឹងឈានដល់បាក់ផ្តាច់ផ្លូវសហព័ន្ធរុស្សីដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងររាជធានីភ្នំពេញ ព្រោះជាផ្លូវអន្តរជាតិយ៉ាងសំខាន់តភ្លាប់ពី អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ មកភ្នំពេញ។

ការដាក់បញ្ជាជាបន្ទាន់របស់លោកឃួង ស្រេង នេះធ្វើឡើង កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ខណៈ លោកឃួង ស្រេង ទទួលបានព័ត៌មាន ថាមានការដ្ឋាននេះ ត្រូវបានបាក់ដី ជិតដល់ផ្លូវកៅស៊ូ សហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ដោយលោក បានដឹកនាំមន្ត្រីជំនាញ់ពាក់ព័ន្ធចុះបញ្ជារផ្ទាល់ ចុះត្រួតពិនិត្យទីតាំងបាក់ដីនៅផ្លូវសហព័ន្ធរុស្សី របស់ការដ្ឋានក្រុមហ៊ុន ប៊ូយ៉ុង ។

ក្រោយពីពិនិត្យស្ថានភាពជាក់ស្តែង លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមហ៊ុនប៊ូយ៉ុង ដែលជាអ្នកម៉ការសាងសង់នេះ ត្រូវតែចាត់វិធានការបច្ចេកទេសជាបន្ទាន់ ដើម្បីទប់ស្កាត់ការបាក់ដីឲ្យទាល់តែបាន និងឲ្យក្រុមហ៊ុនធ្វើការងារទាំងយប់ទាំងថ្ងៃ ពោលគឺសម្រាប់នៅល្ងាចនេះត្រូវតែទប់ដីបាក់នេះឲ្យបាននិងបន្តការបុកសុីផាយឲ្យបានរឹងមាំនៅផ្នែកខាងផ្លូវសហព័ន្ធរុស្សីនេះ។

លោកឃួង ស្រេង បានមានប្រសាសន៍បន្ថែមថា ៖ ក្រុមហ៊ុនប៊ូយ៉ុង ដែលកំពុងសាងសង់ការដ្ឋាននេះ ត្រូវធ្វើយ៉ាងណាទប់ស្កាត់តាមលក្ខណៈបច្ចេកទេស ដើម្បីកុំឲ្យផ្លូវសហព័ន្ធរុស្ស៊ីជួបការរងគ្រោះដោយការមហន្តរាយ ប្រេះបាក់ស្រុតបន្ថែមពីលើនេះទៀត ។

លោកស្នើឲ្យក្រុមហ៊ុន ត្រូវតែបន្ថែមគ្រឿងចក្រ ហើយមន្ទីរសាធារណការនិងដឹកជញ្ជូន និងយកម៉ាស៊ីនបុកស៊ីផាយ មកជួយដល់ក្រុមហ៊ុនប៊ូយ៉ុងភ្លាមៗ ។ ក្រុមហ៊ុនប៊ូយ៉ុងជីកដីនេះ គឺខុសលក្ខណៈបច្ចេកទេស ដោយក្រុមហ៊ុនមិននឹកស្មានថាដីនេះបាក់ស្រុតនោះទេ ប៉ុន្តែនៅពេលដែលក្រុមហ៊ុនធ្វើទៅ បានបណ្តាលឲ្យបាក់ស្រុតដីមួយចំណែកធំ ហើយអាចបង្កគ្រោះមហន្តរាយដល់រាជធានីភ្នំពេញ ដូច្នេះហើយក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ ត្រូវតែជួយអន្តរាគមន៍ដល់ក្រុមហ៊ុន ដោយដាក់គ្រឿងចក្រគ្រប់ប្រភេទរបស់មន្ទីរសាធារណការនិងក្រុមហ៊ុន ធ្វើយ៉ាងណាទប់ជើងទេរ និងបុកស៊ីផាយឲ្យបានរឹងមាំ។

លោកបានបន្ថែមថា៖ អាជ្ញាធររាជធានី នឹងត្រួតពិនិត្យច្បាប់សាងសង់របស់ក្រុមហ៊ុនប៊ូយ៉ុងនេះឡើងវិញ ថាតើក្រុមហ៊ុនសាងសង់របៀបម៉េច ធ្វើរបៀបម៉េច ក្នុងបទដ្ឋានដែលក្រសួងបានអនុញ្ញាតច្បាប់ ត្រូវអនុវត្តច្បាប់បានត្រឹមត្រូវរបស់ក្រសួងសាមីដែរឬអត់? ហើយករណីត្រូវតែសិក្សាតាមក្រោយ ប៉ុន្តែនៅចំពោះមុខ យើងត្រូវធ្វើយ៉ាងទប់ស្កាត់កុំមានគ្រោះមហន្តរាយកុំមានការបាក់ស្រុតផ្លូវសហព័ន្ធរុស្ស៊ី និងជាពិសេសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ ភ្ញៀវជាតិ អន្តរជាតិ”។

លោកឃួង ស្រេងបានបន្តទៀតថា៖ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលពិតជាបាននិងកំពុងយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការលើកទឹកចិត្តចំពោះអ្នកវិនិយោគទុនបរទេស ប៉ុន្តែដូចជាករណីខាងលើនេះក្រុមហ៊ុនត្រូវតែយកចិត្តទុកដាក់គិតគូរពីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋផង មិនអាចធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈផ្តើមពីការទ្វេសប្រហែសនោះទេ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ជុំវិញការការជម្រុញនិងបញ្ជាពីអាជ្ញាធររាជធានីភ្នំពេញនេះ ខាងក្រុមហ៊ុនបានទទួលយកនិងអនុវត្តឲ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា ដោយមិនឲ្យហេតុការណ៍នេះបន្តកើតមានបន្តទៀត។

សូមបញ្ជាក់ថា៖ ក្រុមហ៊ុនប៊ូយ៉ុងដែលគេស្គាល់ថាជាក្រុមហ៊ុនសំណង់របស់ប្រទេសកូរ៉េ មានទីតាំងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខបានចាប់ផ្តើមបើកការដ្ឋានជីកដីធ្វើចំណតជាច្រើនឆ្នាំហើយ ហើយកាលពីល្ថាចថ្ងៃអាទិត្យទី១៣ សីហា ឆ្នាំ២០១៧ កន្លងមកនេះ ខណៈមានភ្លៀងធ្លាក់ខ្លាំងក៏ស្រាប់តែការដ្ឋានមួយនេះបាក់ដីនិងរបងការដ្ឋានជាច្រើនម៉ែត្រចូលទៅក្នុងការដ្ឋានតែម្តង ដែលនឹងមានការបាក់រហូតដល់ផ្លូវសហព័ន្ធរុស្សីបន្ថែមទៀត បើមិនមានវិធានការទាន់ពេលវេលា៕ សំរិត


ចែករំលែក៖