ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋស្រុកស្អាងអស់ជំនឿលើក្រសួងរ៉ែ និងអាជ្ញាធរខេត្ត ក្នុងការដោះស្រាយផលប៉ះពាល់ពីក្រុមហ៊ុនបូមខ្សាច់

ចែករំលែក៖

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋរស់ នៅតាមមាត់ទន្លេ ស្ថិតក្នុងភូមិកោះគ ឃុំ រកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល បាន សម្តែងការខកចិត្តដោយសារការស្នើសុំ របស់ពួកគាត់ កុំឲ្យមានម៉ាស៊ីនបូមខ្សាច់ ឡើងលើគោកខ្នាតធំនៅកៀកក្បែរច្រាំង ទន្លេ តែសំណើរបស់ពលរដ្ឋហាក់គ្មាន ប្រសិទ្ធភាពពោលគឺ ស្រែកចេះតែស្រែក គេបូមនៅតែបូម។

ពលរដ្ឋបន្តថា កន្លងមកក្រុមពួកគាត់បានប្រមូលផ្ដុំគ្នា ស្នើសុំក្រសួងរ៉ែនិងថាមពល និងអាជ្ញាធរខេត្តកណ្ដាលជាច្រើនលើក មកហើយ ចំពោះក្រុមហ៊ុនទាំង៥មាន ទី១ ក្រុមហ៊ុន ឡេង ជីន ទី២ ក្រុមហ៊ុនសុង សុភាព ទី៣ ក្រុមហ៊ុនពោធិ៍និរន្តរ៍ ទី៤ ក្រុមហ៊ុនប្រាសាក់ និងទី៥ ក្រុមហ៊ុន ឈុនម៉ៅ ។ ដោយស្នើឲ្យ៥ក្រុមហ៊ុននេះ សូមឲ្យ បញ្ឆេះម៉ាស៊ីនបូមខ្សាច់នៅឲ្យឆ្ងាយពីមាត់ច្រាំងឲ្យបាន១០០ម៉ែត្រ ឬនៅ កណ្ដាលទន្លេ ព្រោះបញ្ហាច្រើនណាស់ ដែលបានកើតឡើង ពោលគឺសំឡេងញ័រ រំខាន និងបង្កឲ្យបាក់ច្រាំងជាដើម ។

ពលរដ្ឋបន្តថា ពួកគាត់ឃើញខាង មន្ត្រីក្រសួងរ៉ែ និងថាមពល ចុះមកដែរ តែមកអើតមួយភ្លែតៗ សម្របសម្រួលបានមួយដង្ហើមចង្រិតបញ្ហានៅតែដដែល។

ជាក់ស្ដែងថ្មីៗនេះ លោក ហេង ចាន់ ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និង ថាម ពលក៏បានចុះទៅពិនិត្យដោះស្រាយម្ដង ក្នុងរូបភាពដដែលៗ ដោយនិយាយថា សម្របសម្រួល តែពេលគាត់ទៅវិញអស់ សកម្មភាពបំពាននៅតែកើតមានដដែល។

ថ្មីៗនេះ ពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ដំណាំអំពៅរបស់ពួកគាត់បានរងការលិចលង់ខូចខាត ដោយសារតែទឹកដែលបូមឡើងលើគោក នោះហៀរមកចាក់លើដំណាំអំពៅធ្វើឲ្យ ខូចខាត ។

ករណីនេះ ប្រជាពលរដ្ឋបានសុំឲ្យរដ្ឋ មន្ត្រីរ៉ែ និងថាមពល លោក ស៊ុយ សែម និងអភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ មេត្តាជួយអន្ត
រាគមន៍ផង ព្រោះ ក្រៅពីលោកមើលទៅទំនងគ្មានមន្ត្រីថ្នាក់ក្រោមណាដោះស្រាយឲ្យមានប្រសិទ្ធភាពនោះទេ ពោលគឺអសមត្ថភាព ឬត្រូវដងត្រូវផ្លែជាមួយម្ចាស់អាជីវកម្មខ្សាច់ ដែលសុទ្ធតែ ជាសេដ្ឋីលុយចាយមិនអស់ ៕ សហការី


ចែករំលែក៖