ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងអំពើឃាតកម្មកាប់សម្លាប់ស្តី្រមេម៉ាយម្នាក់នៅស្រុកស្វាយចេក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្រ្តីមេម៉ាយម្នាក់ បានរងការកាប់សម្លាប់ដោយកាំបិតបុ័ងតោជាច្រើនកន្លែង សោះពេញខ្លួនពីសំណាក់យុវជនជនសង្ស័យម្នាក់ ខណៈដែលរវាងស្រ្តីរងគ្រោះ និងជនសង្ស័យបានឈ្លោះវាយតប់គ្នាទៅវិញទៅមកក្នុងរឿងជម្លោះគំនុំជេរប្រមាថគ្នា។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យក្រោយពីប្រើអំពើហិង្សាវាយសម្លាប់ស្រ្តីរងគ្រោះ នៅវេលាម៉ោង៩ព្រឹកថ្ងៃដដែល ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក សហការជាមួយ នឹងកម្លាំងនគរបាលការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចេញស្រាវជ្រាវស៊ើបអង្កេតចាប់ឃាត់ខ្លួនជនសង្ស័យនៅក្នុងផ្ទះរបស់ខ្លួន។

លោកវរសេនីយ៍ទោ ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកប្រាប់ឲ្យដឹងថា ជនសង្ស័យរងការចាប់ខ្លួនមានឈ្មោះ រួន ធំ ភេទប្រុស អាយុ២០ឆ្នាំ ចំណែកស្រ្តីរងគ្រោះមានឈ្មោះ ឡុង សាលឿន អាយុ៤០ឆ្នាំ អ្នកទាំង២នាក់រស់នៅភូមិឃុំជាមួយគ្នាខាងលើ។

លោកអធិការប្រាប់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះរស់នៅតែ២នាក់កូនប្រុសតូចប៉ុណ្ណោះនៅក្នុងផ្ទះយប់ស្ងាត់ជ្រងំ។ លុះបន្ទាប់មកស្រាប់តែមានការភ្ញាក់ផ្អើលដល់អ្នកភូមិថាស្រ្តីរងគ្រោះបានរងការវាយនិងកាប់បណ្តាលឲ្យរងរបួសធ្ងន់ពីសំណាក់ជនមិនស្គាល់អត្តសញ្ញាណហើយជនល្មើស ក៏រត់គេចខ្លួនបាត់ទៅហើយ។ ស្រ្តីរងគ្រោះបន្ទាប់មកត្រូវបានអ្នកភូមិដឹកយកទៅសង្រ្គោះជីវិតនៅមន្ទីរខេត្តបាត់ដំបងតែមកដល់ពាក់កណ្តាលផ្លូវបានដាច់ខ្យល់ស្លាប់។

លោកអធិការប្រាប់ឲ្យដឹងទៀតថា ក្រោយពីកើតហេតុភ្លាមលោក ក៏ដឹកនាំកម្លាំងនគរបាលចុះមកដល់កន្លែងកើតហេតុ ក៏សួរនាំអ្នកភូមិដោយអ្នកភូមិប្រាប់ថានៅមុនដាច់ខ្យល់ស្លាប់ស្រ្តីរងគ្រោះបាននិយាយថាអ្នកកាប់មកលើនាងមានឈ្មោះ អាតូច អាធំ ២នាក់បងប្អូនបង្កើន។ ក្រោយពីទទួលបានព័ត៌មានបែបនោះហើយ កម្លាំងនគរបាលស្រាវជ្រាវស៊ើបអង្កេតឲ្យដឹងថា ឈ្មោះ អាតូច ជាប្អូន បានទៅធ្វើការនៅក្នុងប្រទេសថៃ២ទៅ៣ឆ្នាំមកហើយ។ នៅសល់តែឈ្មោះ អា ធំ ជាបង សមត្ថកិច្ច ក៏តាមស្វែងរកចាប់ឃាត់ខ្លួនឈ្មោះ រួន ធំ ហៅអាធំ នោះបានដោយចាប់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយចេកដើម្បីសាកសួរ។

លោកវរសេនីយ៍ទោ ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបញ្ជាក់ឲ្យដឹងទៀត នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ក៏បានឆ្លើយសារភាពថារូបគេពិតជាបានវាយនិងកាប់សម្លាប់ស្រ្តីរងគ្រោះនោះពិតប្រាកដ ដោយសារស្រ្តីរងគ្រោះធ្លាប់មានជម្លោះរវាងខ្លួនធ្លាប់ជេរប្រមាថមើលងាយរូបគេថាអាជក់ម៉ា និងមើលងាយគ្រួសាររបស់ខ្លួនទៀតផង ហើយនៅពេលកើតហេតុរូបគេឈរនិយាយទូរស័ព្ទនៅលើខ្នងស្រះទឹកក្បែរផ្ទះស្រ្តីរងគ្រោះ ស្រាប់តែស្រ្តីរងគ្រោះដើរបានជេរមកលើខ្លួនដោយរូបគេទ្រាំពុំបាន ក៏យកដុំថ្មគប់ទៅលើស្រ្តីរងគ្រោះ។ ខណៈនោះស្រ្តីរងគ្រោះ ក៏ដើរចូលមកវាយតប់មកលើខ្លួនហើយ ក៏ទៅយកកាំបិតបុ័ងតោគប់មកត្រូវរូបគេថែមទៀត។ នៅពេលនោះហើយរូបគេ ក៏បានយកកាំបិតបុ័ងតោចូលទៅកាប់ស្រ្តីរងគ្រោះតែម្តង។ ជនសង្ស័យបច្ចុប្បន្នកំពុងស្ថិតនៅក្នុងការសាកសួរ និងឃុំខ្លួនបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕សំ វិច្ឆិកា


ចែករំលែក៖