ខេត្តស្វាយរៀង៖ គ្រោះថ្នាក់ចរាចរណ៍មួយដ៏អាក្រក់បណ្តាលឲ្យបុរស២នាក់រងរបួសបាក់ភ្លៅ បែកចង្កា និងដាច់អណ្តាត ឈាមស្រោចដីសន្លប់នៅ និងកន្លែងគួរឲ្យរន្ធត់ មូលហេតុរថយន្តបង្កបើកជែងរថយន្តមួយគ្រឿងផ្សេងទៀត ក៏រេចង្កូតមកខាងឆ្វេងទៅបុករ៉ឺម៉កម៉ូតូចំពីមុខពេញទំហ៊ឹងលាន់ដូចរន្ទះនៅវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងលិចរោងម៉ាស៊ីនកិនស្រូវតូចតែពេជ្រ ស្ថិតនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា គេឃើញ ម៉ូតូរ៉ឺម៉កដឹកសម្ភារៈសំណង់ ជិះគ្នា២នាក់ បើកបរពីទឹសខាងកើតមកលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX350 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AH8282 បើកបរពីទឹសខាងលិចមកកើតបញ្ច្រាសទឹសគ្នា បើកជែងរថយន្តមួយគ្រឿងផ្សេងទៀត ក៏រេចង្កូតទៅឆ្វេងជ្រុលទៅម៉ូតូរ៉ឺម៉កពេញទំហឹង បណ្តាលឲ្យម៉ូតូរ៉ឺម៉ក និងអ្នកបើកបរអ្នករួមដំណើរប៉ើងទៅជាមួយរ៉ឺម៉កសង្កត់បាក់ភ្លៅទាំងពីរនាក់ បែកចង្កា ដាច់អណ្តាតសន្លប់នៅ នឹងកន្លែងតែម្តង។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះ ឈ្មោះប៊ិន សុភន់ ភេទប្រុស អាយុ២៥ឆ្នាំ អ្នកបើករ៉ឺម៉ក របួសបាក់ភ្លៅស្តាំ បែកចង្កា និងដាច់អណ្តាត សន្លប់ឈឹង។ រីឯអ្នករួមដំណើរឈ្មោះទេព សាបឿន ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសបាក់ភ្លៅ និងបោកក្បាលពក រលាត់ដងខ្លួនសន្លប់នៅ និងកន្លែង អ្នកទាំងពីរមានទីលំនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង បានមកទិញសម្ភារៈសំណង់ដឹកទៅឲ្យអង្គការ នៅភូមិក្រាំងលាវ ឃុំគ្រួស ស្រុកស្វាយជ្រំ ក៏ជួបគ្រោះថ្នាក់តែម្តង។
ក្រោយមកក្រុមគ្រួសារហៅរថយន្តសាមុយដឹកជនរងគ្រោះទាំងពីរនាក់ទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ។
ចំណែករថយន្តខូចខ្ទេចខាងមុខជ្រុសកាង រីឯម៉ូតូ និងរ៉ឺម៉កខូចទាំងស្រុង សមត្ថកិច្ចបានយករថយន្ត និងម៉ូតូរ៉ឺម៉កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់៕ យឹម សុថាន