ភ្នំពេញ៖ ករណីបុរសម្នាក់ដែលបាញ់រថយន្តក្រុង”បូព៌ាអាស៊ីដឹកអ្នកដំណើរ” ព្រោះទំនាស់រឿងគ្រោះថ្នាក់ចរាចរបន្តិចបន្តួច រហូតមកទល់ពេលនេះ លោកឡុង ជាប ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ចំនួនពីរបទល្មើស ។
មន្ត្រីតុលាការ ថ្លែងថា បុរសរូបនេះ ត្រូវបានចោទប្រកាន់ពីបទ”កាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និង បទ ធ្វើឲ្យខូចខាតដោយចេតនា” តាមមាត្រា៤១០និងមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ ។
មន្ត្រីតុលាការបន្តថា នៅព្រឹកថ្ងៃទី១៩ ខែសីហា នេះ បច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿង កំពុងស្ថិតក្រោមការសាកសួររបស់លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កំពុងបន្តនីតិវិធី ។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួន ជនត្រូវចោទ ។
ព័ត៌មានដំបូងទទួលបានថា ជនបង្កឈ្មោះ អេង កុសល អាយុ៣៧ឆ្នាំ មុខរបរអង្គរក្សនៅបន្ទាយវីរៈ៤៩៩ ។ ប៉ុុន្តែនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ក្រោយការសួរនាំជននេះ ជាជនស៊ីវិលមិនមែនជាអង្គរក្ស ហើយក៏គ្មានក្របខណ្ឌកងទ័ពដែរ។
គួរបញ្ជាក់ថា មានករណីផ្ទុះអាវុធប្រមាណជិត១០គ្រាប់ នៅវេលាម៉ោងប្រមាណជិត៩យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ តាមបណ្ដាយផ្លូវ៥៩៨ មុខដីឧកញ៉ា លី ហួរ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បណ្ដាលមកពីគ្រោះថ្នាក់ចរាចររវាងរថយន្ដក្រុង និងរថយន្ដព្រូស។ បន្ទាប់ពីកើតហេតុជនបង្កត្រូវបានកម្លាំង សមត្ថកិច្ចចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បើតាមជនដែលបានបាញ់ប្រហារ ទៅលើរថយន្ដក្រុងនោះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅពេលកើតហេតុរថយន្ដក្រុងរបស់ក្រុមហ៊ុន បូព៌ាអាស៊ីដឹកអ្នកដំណើរ បានបុករថយន្ដរបស់ខ្លួនហើយ មិនឈប់នោះទេ ទើបខ្លួនដេញតាមពីក្រោយហើយដកកាំភ្លើងបាញ់តែម្ដង ហើយបើគាត់ឈប់ដោះស្រាយមិនអីទេ តែគាត់ឈ្លើយ ពេកបុកហើយបើករត់ បើកយ៉ាងលឿនទៀតផង ចុះបើទៅបុកគេផ្សេងច្បាស់ជាគ្រោះថ្នាក់យ៉ាងខ្លាំងហើយ។
មួយវិញទៀត បើតាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុ មានរថយន្ដក្រុងមួយ បានបើកទៅគៀររថយន្ដព្រូស ក្រោយមករថយន្ដក្រុងនោះមិនបានឈប់ដោះស្រាយទេ គឺបន្ដដំណើរទៅមុខទៀត ទើបធ្វើឲ្យម្ចាស់រថយន្ដព្រូស ទាញកាំភ្លើងបាញ់ប្រហារពីក្រោយតែម្ដង ប៉ុន្ដែក្នុងករណីនេះ មិនមានអ្នកណាម្នាក់រងរបួសនោះទេ។ នៅកន្លែងកើតហេតុសមត្ថកិច្ច បានដកហូតអាវុធខ្លីទំនើប របស់ជនដែលបាញ់ផងដែរ ទុកបណ្ដោះអាសន្នសិនផងដែរ៕ ចេស្តា