ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៏មូស្លីមកម្ពុជា បានបង្ហាញពីឆន្ទៈរបស់ខ្លួន ដោយបានប្រកាសជាសាធារណៈ ជួយដល់ស្រ្តីឥស្លាមម្នាក់ ដែលចាញ់បោកក្រុមហ៊ុនមួយ ទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឲ្យបានត្រឡប់មកស្រុកកំណើតវិញ ។ ការប្រកាសជាសារធារណៈ របស់លោក អូស្មា ហាស្សាន់ បែបនេះ តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី ១៩ សីហា ឆ្នាំ២០១៧ ។
ការប្រកាសជួយពីសំណាក់ លោក អូស្មាន ហាស្សាន់ បានធ្វើឡើង ក្រោយពីស្រ្តីឥស្លាមម្នាក់ បានបង្ហោះ វីដេអូនៅលើបណ្តាញសង្គម រៀបរាប់ពីការចាញ់បោកក្រុម ហ៊ុនមួយ ឲ្យមកបម្រើការងារ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត តាំងពី១២ ឆ្នាំមុន និងបានអំពាវនាវឲ្យរាជរដ្ឋាភិបាលជួយអន្តរាគមន៍។
ស្ដ្រីរងគ្រោះរូបនោះមានឈ្មោះថា សុះ សាណាស់ (រ៉ទស់) ជាអ្នករស់នៅ ក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចេញទៅធ្វើការ នៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត កាលពី១២ឆ្នាំមុន តាមរយៈក្រុមហ៊ុនមួយ ហើយបានបាត់ដំណឹងរហូតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។
យោងតាមណ្ដាញសង្គមហ្វេសប៊ុក ផ្លូវការរបស់ លោក អូស្មាន ហាស្សាន់ បានរៀបរាប់ឲ្យដឹងថា «ខ្ញុំបាន និងកំពុងឲ្យសហការី នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ធ្វើការទំនាក់ទំនង និងរៀបចំស្រាវជ្រាវឯកសារ ដើម្បីបញ្ជូនក្មួយស្រីពីទីនោះមកកម្ពុជាវិញ។ ខ្ញុំក៏បានទំនាក់ទំនងជាមួយ លោក តាន់ ប៊ុនប៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅ រដ្ឋគុយវ៉ែត ដើម្បីចេញលិខិតបើកផ្លូវ (LAISSEZ-PASSER) ពីស្ថានទូត ជូនដល់ក្មួយស្រី ដើម្បីបានត្រឡប់មកមាតុ ប្រទេស វិញក្នុងពេលឆាប់ៗនេះ» ។
ប៉ុន្តែយើងកំពុងស្រាវជ្រាវរកឈ្មោះក្មួយស្រី សុះ សាណាស់ (រ៉ទស់) ជាអក្សរឡាតាំង ព្រោះថា បើសិនជាខុសតួរអក្សរនោះ អន្តោប្រវេសន៍អារ៉ាប៊ីសាអ៊ូឌីត អាចនឹងមិនយល់ព្រម។ ករណីនេះត្រូវស្រាវជ្រាវសួររកលិខិតឆ្លងដែនថតចម្លងពីក្រុមហ៊ុន ដែលបានធ្វើការបញ្ជូនក្មួយស្រីទៅទីនោះ។ តាមព័ត៌មានពីក្មួយស្រីបានឲ្យដឹងថា មិនបានចាំ ហើយក៏មិនមានសល់ឯកសារអ្វីនៅនឹងខ្លួនក្មួយស្រីផងដែរ។
លោក អូស្មាន ហាស្សាន់ បានរៀបរាប ពីប្រវត្ដ ក្មួយស្រី សុះ សាណាស់ (រ៉ទស់) ថា៖ ជាអ្នករស់នៅក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចេញទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពី ១២ឆ្នាំមុន តាមរយៈក្រុមហ៊ុនមួយ ហើយបានបាត់ដំណឹងរហូតមកដល់ថ្ងៃទី១៧ ខែសីហា នេះ ទើបយើងទទួលបានដំណឹងរបស់ក្មួយស្រី ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ ទើបពូបើទៅឃើញក្មួយស្រីបានថុសហើយរៀបរាបរឿងរាវក្មួយចាញ់បោកគេ »។
លោក អូស្មាន ហាស្សាន់ បានលើកឡើងថា ៖ ករណីបែបនេះ តែងតែកើតមាន ហើយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែអំពាវនាវ និងណែនាំ កុំឲ្យចាញ់បោកមេខ្យល់ ឬក្រុមហ៊ុនដែលមិនស្របច្បាប់ ជ្រើសរើសបញ្ជូនបងប្អូន ទៅធ្វើការ ដោយខុសច្បាប់៕ សំរិត