ព័ត៌មានទាន់ហេតុការណ៍៖

បិទអាជីវកម្មកទទួលបញ្ចាំយីហោ «ហ្វ្រេន២៣»ជាបណ្តោះអាសន្នបន្ទាប់ពីរកឃើញម៉ូតូ៧គ្រឿងគ្មានឯកសារត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចម្រុះ និងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន វិរៈ រួមនឹងអភិបាលរងខណ្ឌ លោក ប្រាជ្ញ សីហា បានប្រកាសបិទទីតាំងបើកសេវាទទួលបញ្ចាំយីហោ ហ្វ្រេន២៣ នាល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះលេខ៦១២AEo ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវជាបណ្ដោះអាសន្ន បន្ទាប់ពីកម្លាំងចម្រុះចុះធ្វើការត្រួតពិនិត្យ ដោយសង្ស័យពុំមានលិខិតអនុញ្ញាតត្រឹមត្រូហើយបានរកឃើញ និងដកហូតម៉ូតូចំនួន៧គ្រឿង មករក្សាទុក ព្រោះមិនមានឯកសារត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ដើម្បីអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលដាក់ផែនការតាមបណ្ដាខណ្ឌទាំង១២ ក្នុងការចុះឆែកឆេរ និងត្រួតពិនិត្យតាមឃ្លាំង ហាងបញ្ចាំម៉ូតូ និងរថយន្តនៅតាម មូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមចំណែកលុបបំបាត់ និងកាត់បន្ថយបទល្មើសផ្សេងៗនោះទើប កម្លាំងគណៈបញ្ជាការឯកភាពចម្រុះ ខណ្ឌឫស្សីកែវ បានប្រតិបត្តិការត្រួតពិនិត្យទៅលើហាងបើកសេវាទទួលបញ្ចាំយីហោ «ហ្វ្រេន២៣»។ លោកអភិបាលរងបញ្ជាក់ថាម្ចាស់ហាងបញ្ចាំមួយនេះមានម្ចាស់ឈ្មោះ សុង ឃួន សង្ស័យពុំមានលិខិតអនុញ្ញាត ត្រឹមត្រូវតែបានរកឃើញមានលិខិតអនុញ្ញាតលេខ ១៨២១/១៧ លអ.អ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ របស់រដ្ឋបាលរាជធានីភ្នំពេញ និងមានអាជ្ញាប័ណ្ណអាជីវកម្មរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ប៉ុន្តែខុសទីតាំងធ្វើអាជីវកម្ម។ជាមួយនេះដែរសមត្ថកិច្ចបានរកឃើញហាងនេះទទួលបញ្ចាំម៉ូតូចំនួន១០គ្រឿង ក្នុងនោះមានឯកសារត្រឹមត្រូវតែ៣គ្រឿងប៉ុណ្ណោះ និងម៉ូតូ៧គ្រឿងទៀត ពុំមានឯកសារពាក់ព័ន្ធឡើយ ទើបសម្រេចដកហូតយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយប៉ាក ដើម្បីរងចាំឲ្យម្ចាស់ទីតាំងស្រាវជ្រាវរកឯកសារមកផ្ទៀងផ្ទាត់ម៉ូតូឲ្យបានត្រឹមត្រូវ និងប្រគល់ជូនវិញ។

ភាពមិនប្រក្រតីបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានប្រកាសផ្អាកអាជីវកម្មហាងបញ្ចាំមួយនេះជាបណ្តោះអាសន្នសិន ចាប់ពីពេលនេះតទៅ៕ អរុណរះ


ចែករំលែក៖