ព័ត៌មានទាន់ហេតុការណ៍៖

ឃើញប្រពន្ធឈរនិយាយជាមួយប្រុសក្នុងភូមិបែបស្និទ្ធស្នាលប្រចណ្ឌកាប់បណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់ត្រូវប្តីកាប់ជើង បណ្តាលឲ្យរបួសធ្ងន់ ខណៈដែលឈរ​ និយាយលេងជាមួយនឹងបុរសនៅក្នុងភូមិដោយសារតែប្តីប្រចណ្ឌ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅភូមិ កូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន ។

អ្នកភូមិបានឲ្យដឹងថា ស្ត្រីរងគ្រោះដែល ប្តីកាប់ឈ្មោះ ង៉ែត អាយុ៤៣ឆ្នាំ និងប្តី ឈ្មោះ ធួន ធឿន (ជនសង្ស័យ) អាយុ៤២ ឆ្នាំ មានមុខរបរជាកម្មករស៊ីឈ្នួល ដាំពោត និងដំឡូង បច្ចុប្បន្នស្នាក់នៅក្នុងភូមិ-ឃុំ កើតហេតុ និងមានស្រុកកំណើតនៅភូមិ ខ្នាយ ឃុំត្នោតចុងស្រស់ ស្រុកបន្ទាយមាស ខេត្តកំពត ។

ប្រភពពីអ្នកភូមិបានឲ្យដឹងទៀតថា មុន ពេលកើតហេតុជនដៃដល់ជាប្តីពេលសម្រាក ពីការងារបានជួបជុំគ្នាផឹកស៊ីជាមួយអ្នក រួមការងារ ព្រមទាំងអ្នកភូមិរស់នៅចំណុច កើតហេតុនោះផង។ ពេលនោះស្ត្រីរងគ្រោះ ជាប្រពន្ធបានឈរ និយាយលេងសើេចជា មួយអ្នកភូមិទើបជនសង្ស័យកើតក្តីប្រច័ណ្ឌ ហើយបានស្រែកហៅឲ្យប្រពន្ធទៅផ្ទះវិញ។ ខណៈដែលជនសង្ស័យស្រវឹង និងពេល ទៅដល់ផ្ទះក៏កើតជាជម្លោះបន្តិចបន្តូចក៏ ទាញកាំបិតខ្វាវកាប់ទៅលើជើងប្រពន្ធ បណ្តាលឲ្យរបួសក្បែរភ្នែកគោលតែម្តង។ ឃើញដូច្នេះអ្នកភូមិក៏បានឃាត់ជនដៃដល់រួចរាយការណ៍ទៅនគរបាលស្រុកសាលាក្រៅដើម្បីឃាត់ខ្លួននាំទៅអធិការដ្ឋាននគរ បាលដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បានសារភាពថា ការដែលគេកាប់ប្រពន្ធឲ្យរបួស នេះព្រោះតែរឿងប្រចណ្ឌដោយសារឃើញ ប្រពន្ធឈរនិយាយលេងជាមួយប្រុសៗក្នុងភូមិយូរពេកនិងមានភាពស្និទ្ធស្នាលផង។

មន្ត្រីនគរបាលស្រុកបានឲ្យដឹងថា ចម្លើយជនសង្ស័យខាងលើនេះមិនអាច ដោះបន្ទុកបានទេ ទោះបីប្រពន្ធមានអីៗជាមួយនឹងបុរសអ្នកភូមិនោះគាត់ (ស្ត្រីរង គ្រោះ) មិនមកឈរនិយាយនៅទីសាធារណៈ នោះឡើយ។ ដូច្នេះជនសង្ស័យសមត្ថកិច្ចត្រូវតែកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តអនុវត្តតាមច្បាប់ពាក់ព័ន្ធការបង្ករបួសស្នាម ។

បើតាមអ្នកស្រុកបានឲ្យដឹងដែរថា រហូត មកដល់ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ស្ត្រីរងគ្រោះកំពុងស្ថិតនៅសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យស្រុកសាលាក្រៅនៅឡើយ ក្រោមការមើលថែររបស់កូនៗក្នុងជីវភាពខ្វះមុខខ្វះក្រោយ ។

ទាក់ទិនករណីនេះគេពុំទាន់ដឹងថា ប្រពន្ធ ជនសង្ស័យដាក់ពាក្យបណ្តឹង ឬក៏ស្នើឲ្យ មានការលើកលែងទោសក្រោមការអប់រំ និងកិច្ចសន្យាពីសមត្ថកិច្ច ព្រោះគ្រួសារនេះ មានជីវភាពក្រីក្រ និងម៉្យាងធ្វើចំណាកស្រុក រកព្រឹកខ្វះល្ងាចផង ៕ ស សារ៉េត


ចែករំលែក៖