ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីក្លិប ត្រូវហ្វូងចោរជិត១០នាក់វាយប្លន់ម៉ូតូបានសម្រេចនៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ ក្នុងចំណោម៣នាក់ បានជិះម៉ូតូ១គ្រឿង ចេញពីក្នុងក្លិបហើយក៏ត្រូវហ្វូងចោរ១ក្រុម មានគ្នាជិត១០នាក់បានធ្វើសម្មភាពវាយប្លន់យកម៉ូតូស៊ុយហ្ស៊ុយនិច១គ្រឿងបានសម្រេច ហើយជិះគេចខ្លួនដោយសុវត្ថិភាព​ ។

អំពើវាយប្លន់ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខសាលាបឋមសិក្សាភ្នំពេញថ្មី
តាមបណ្តោយផ្លូវ ភ្នំពេញហាណូយ កែងផ្លូវ២៨គ្រួសារ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមសម្តីជនរងគ្រោះឈ្មោះ ជុំ ស៊ីផាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសិស្ស ស្នាក់ផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់ប្រសាទ ឃុំឆែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួននិងមិត្តភក្តិ២នាក់ទៀតបានជិះម៉ូតូ១គ្រឿងម៉ាក ស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CU-6804 ចេញពីរាំលេងនៅក្លឹបហ្គោល ឡាញ ផ្លូវ១៩៨៦ ដោយធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ទិសដៅពីត្បូងទៅជើង លុះដល់ចំណុចខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នាប្រមាណជិត១០នាក់ តាមមកពីក្រោយស្ទាក់ផ្លូវឲ្យឈប់ចុះវាយប្លន់ដណ្តើមយកម៉ូតូ បានសម្រេចហើយគេចទៅបាត់អស់ ។

ក្រោយកើតហេតុ ជនរងគ្រោះបានរត់ទៅសាលាខណ្ឌសែនសុខដើម្បីឲ្យគេជួយទើបមានការភ្ញាក់ផ្អើលដល់នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឲ្យចុះមកពិនិត្យនៅកន្លែងកើតហេតុហើយបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដើម្បីស្រាវជ្រាវ និងកំណត់មុខសញ្ញាងាយស្រួលក្នុងការតាមចាប់ខ្លួនក្រុមជនសង្ស័យទាំងនោះ៕
តុង សីហា


ចែករំលែក៖