ភ្នំពេញ៖ ប្រជាពលរដ្ឋ ជាដើមបណ្តឹងរដ្ឋប្បវេណី ដែលជាជនរងគ្រោះ ដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម ចំនួន៤៨នាក់ រួមនិងក្រុមគ្រួសាររបស់ពួកគាត់ ត្រូវបានអញ្ចើញអោយទៅទស្សនាពិព័រណ៌រូបថត ដែលរំលឹកពីស្លាកស្នាម អតីតកាលខ្មៅងងឹត ដ៏សែនជូរចត់ នៅក្នុងរបប៣ឆ្នាំ៨ខែ២០នៃរបបប៉ុលពត និង ទស្សនា ការសំដែងល្ខោននិយាយ ដែលល្ខោននិយាយនោះ គឺជាផ្នែកមួយនៃកម្មវិធី(អណ្តើកក្លាហាន)ដែលបង្កើតឡើង ដោយមជ្ឈមណ្ឌលវប្បធម៌កម្ពុជា អាល្លឺម៉ង់ ឬហៅកាត់ថា ផ្ទះមេតា ក្រោមកិច្ចសហការឧបត្ថម្ភពីស្ថានទូតអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា និងសាលាក្តីខ្មែរក្រហម(អវតក) ។
លោក នីកូ ម៉ាស្ទ័រហាម (Nico Masterham) ប្រធានអង្គការផ្ទះមេត្តា បានថ្លែងក្នុងកម្មវិធីពិព័ណ៍ររូបថត ដើមបណ្តឹងរដ្ឋប្បវេណី នៅសារៈមន្ទីទួលស្លែង កាលពីរាត្រីថ្ងៃទី២៤ ខែសីហាថា អស់រយៈពេលជាងមួយត្រីមាស នៃសតវត្ស ប្រជាជនកម្ពុជា បាននឹងកំពុងរង់ចាំយុត្តិធម៌។ សាលាក្តីខ្មែរក្រហម នៃអង្គជំនុំជម្រះវិសាមញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) មានគោលបំណង ផ្តល់នូវយុត្តិធម៌សម្រាប់ អ្នកដែលបានស្លាប់ បាត់បង់ជីវិត ក៏ដូចជាអ្នកដែលនៅរស់រានមានជីវិតផងដែរ។ ប៉ុន្តែសាលាក្តីនេះ ក៏មានសារៈសំខាន់ផងដែរ សម្រាប់យុវជន ជំនាន់ក្រោយ ដើម្បីទទួលបានការអប់រំ អំពីទំព័រដ៏ខ្មៅងងឹតបំផុតមួយ ក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា។
លោក នីកូ ម៉ាស្ទ័រហាម បន្តថា ចាប់តាំងពីឆ្នាំ២០១៥ មជ្ឈមណ្ឌលសិល្ប ដែលមានទីតាំងនៅរាជធានីភ្នំពេញឈ្មោះថា “ផ្ទះមេត្តា” ដែលស្ថិតនៅក្រោមសមាគមវប្បធអម៌អាល្លឺម៉ង់ (KDKG) បានបង្កើតនូវគម្រោងល្ខោននិយាយមួយ សម្រាប់សហគមន៍ គឺ “អណ្តើកក្លាហាន” ដោយរួមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា។ នេះជាលើកដំបូងដែលល្ខោននិយាយ ត្រូវបានប្រើជាវិធីសាស្ត្រអប់រំ នៅក្នុងថ្នាក់រៀនកម្ពុជា ដើម្បីបង្កើនចំណេះដឹង ដល់សិស្សនិស្សិត អំពីសម័យកាលខ្មែរក្រហម៊
លោកប្រធានបានបន្តទៀតថា រហូតមកដល់បច្ចុប្បន្ននេះ មានយុវជនជាង ២ម៉ឺននាក់ បានចូលរួមនៅក្នុងកម្មវិធីដែលមាន ការដាក់បញ្ចូល នូវកិច្ចសន្ទនា អន្តរជំនាន់ រវាងយុវជន និងដើមបណ្តឹង រដ្ឋប្បវេណី នៃសាលាក្តីខ្មែរក្រហមផងដែរ។ ដើមបណ្តឹង រដ្ឋប្បវេណី នៃសាលាក្តីខ្មែរ ក្រហម គឺជាអ្នកដែលបានទទួលរងគ្រោះដោយផ្ទាល់ ឬ ដោយប្រយោល ពីឧក្រិដ្ឋកម្ម ដែលស្ថិតក្រោមការស៊ើបអង្កេត និងដែលបានស្នើសុំចូលរួម ក្នុងដំណើរការ នីតិវិធីព្រហ្មទណ្ឌ។
លោកបន្ថែមថា គម្រោងរូបថត “មេរៀនពីអតីតកាល” បានច្បិចយកនូវសំលេងរបស់ដើមបណ្តឹង រដ្ឋប្បវេណី ដែលបានចូលរួម ទស្សនាការសម្តែងល្ខោន។ អ្នកថតរូបសញ្ជាតិ ស៊ុយអែត លោក Anders Jiras និងក្រុមការងារ “ផ្ទះមេត្តា” ចង់ស្វែងយល់នូវអ្វី ដែលអ្នក រស់រាមានជីវិតទាំងនេះ គិតអំពីការសម្តែងល្ខោន និងអ្វីដែលជាសាររបស់ពួកគាត់ទៅកាន់យុវជនបច្ចុប្បន្ន។ គម្រោង “អណ្តើកក្លាហាន” ត្រូវបានធ្វើឡើង តាមរយៈមូលនិធិសហភាពអឺរ៉ុប EU និងវិទ្យាស្ថានទំនាក់ទំនង កិច្ចការបរទេសអាល្លឺម៉ង IFA។ អង្គការមិនមែនរដ្ឋាភិបាលដៃគូរួមមាន “អក្គការសកម្មភាសិល្បៈខ្មែរ” និងអង្គការយុវសន្តិភាព។
លោក Jao Chim Baron von Marschall ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានមានប្រសាសន៍ថា គម្រោងនេះ បានបង្ហាញនូវទិដ្ឋភាពជាច្រើនដែលអាចនឹងជួយលើកកម្ពស់ការយល់ដឹងដល់ យុវជនកម្ពុជា សិស្ស និស្សិតទាំងអស់នូវអ្វីដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហមកន្លងមកនេះ។ តាមរយៈការដាក់តាំងពិព័រណ៍រូបថតជនរងគ្រោះដើមបណ្ដឹងរដ្ឋប្បវេណីនេះ វានឹងជួយបង្កើនការយល់ដឹងកាន់តែច្រើនថែមទៀតដល់ប្រជាជនកម្ពុជា និងយុវជនជំនាយក្រោយបានស្វែងយល់អំពីរឿងរ៉ាវទាំងឡាយដែលបានកើតឡើងនៅក្នុងអតីតកាល ដើម្បីផ្សារភ្ជាប់ជាមួយនឹងបច្ចុប្បន្នកាលនេះ។
ក្នុងរបបខ្មែរក្រហម ប្រជាជនកម្ពុជានៅតែដក់ជាប់ក្នុងចិត្ដជានិច្ចនូវអំពីឃោរឃៅព្រៃផ្សៃ ការរំលោភបំពានលើស្រ្ដី និងកុមារ ជាពិសេសការកាប់សម្លាប់ប្រជាជនខ្លួនឯង អស់ជាង២លាននាក់។ ហេតុអ្វីបានរដ្ឋាភិបាលអាឡឺម៉ង់គាំទ្រចំពោះក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងរម្លឹកការចងចាំក្នុងរបបខ្មែរក្រហមដល់សិស្ស និស្សិត និងយុវជនកម្ពុជាឱ្យមានការចងចាំអំពីអតីតកាល ជាពិសេស ដោយសារតែរបបនេះបានកើតឡើងស្រដៀងទៅនឹងរបបពីអតីតកាលដូចនឹងប្រជាជនអាឡឺម៉ង ទទួលរងគ្រោះក្នុងសង្គ្រាមលោកលើកទី២ផងដែរ។ គម្រោងសំណងជនរងគ្រោះនេះពិតជាមានសារៈសំខាន់ និងគុណប្រយោជន៍ខ្ពស់ក្នុងការប្រព្រឹត្ដនូវបទឧក្រិដ្ឋដែលបានកើតឡើងពីអតីតកាល ដើម្បីឱ្យប្រជាជនកម្ពុជាបានចងចាំ និងនឹកឃើញឡើងវិញអំពីសម្មភាពកាប់សម្លាប់ អំពើឃោរឃៅរបស់ខ្មែរក្រហម ព្រមទាំងជួយស្ដារឡើងវិញដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម។ ការផ្សះផ្សារជាតិ និងការស្វែងរកសន្ដិភាពពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ក្នុងការជួយគាំទ្រដល់ផ្នែកស្មារតី និងផ្លូវចិត្ដដល់ជនរងគ្រោះដែលបានរស់រានមានជីវិតក្នុងរបបខ្មែរក្រហម ៕ ស តារា