ភ្នំពេញ៖ លោក ហ៊ាង គឹមស្រឿន អនុប្រធានទី១គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្តឹងលោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ពាក់ព័ន្ធការលើកឡើងថា ផ្ទះរបស់សម្ដេចហេង សំរិន ប្រធានរដ្ឋសភាជាតិ ស្ថិតក្នុងទឹកដីវៀតណាម ។ មន្ត្រីតុលាការ ថ្លែងនៅថ្ងៃទី២៥ ខែសីហា ថា បណ្តឹងនេះ កំពុងស្ថិតក្រោមចំណាត់ការរបស់លោក លី សុផាណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
លោក ហ៊ាង គឹមស្រឿន អនុប្រធានទី១គណបក្សមហាសាមគ្គីជាតិខ្មែរ ប្តឹងលោកសុខ ទូច ចំនួន៨បទល្មើស រួមមានទី១.គំរាមកំហែងកេរ្តិ៍ ទី២.ញុះញង់ឲ្យមានការរើសអើង ទី៣.ប្រមាថនិងប្រឆាំងអ្នករាជការសារធារណៈ ទី៤.ជ្រៀតជ្រែកដោយខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ ទី៥.ប្រើប្រាស់លិខិតនិងឯកសារដែលបង្កើតឲ្យមានការភ័ន្តច្រឡំ, ទី៦.ផ្តល់ព័ត៌មានមិនពិត ទី៧.លក្ខខណ្ឌអត្ថិភាពនៃការញុះញង់ និងទី៨.ក្បត់ជាតិ។
នៅក្នុងពាក្យបណ្តឹងនោះ លោក ហ៊ាង គឹមសឿង បានរៀបរាប់ដែរថា ការលើកឡើងរបស់បណ្ឌិតសុខទូចជាការមិនពិត បំភ្លៃប្រវត្តិសាស្ត្រ ប៉ះពាល់ដល់កិត្តិយសជាតិខ្មែរ និងថ្នាក់ដឹកនាំ ព្រមទាំងជាការញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរកាន់តែបាត់បង់ជំនឿចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ទន្ទឹមនិងការប្តឹងលោកអនុប្រធានទី១គណបក្សមហាសាមគ្គីជាតិខ្មែរ បានសំណូមចំនួន ០២ចំណុចដល់តុលាការគឺ៖ ទី១.សុំឲ្យលោក សុខ ទូច បង្ហាញឯកសារដែលថា សម្តេច ហេង សំរិន ទៅយកដីវៀតណាមរស់នៅ និងផែនទីជាក់លាក់របស់ព្រះរាជាណាចក្រកម្ពុជាជាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ អាចជឿទុកចិត្តបានព្រមទាំង ភាពស្អាតស្អំរបស់ថ្នាក់ដឹកនាំនិងទី២.សុំឲ្យបើកការស៊ើបអង្កេតស្រាវជ្រាវស្វែងរកកាពិត ដែលលោក សុខទូច ចោទប្រកាន់ថា សម្តេច ហេង សំរិន យកដីវៀតណាមរស់នៅ។
សូមបញ្ជាក់ថា ភូមិឋានកំណើតរបស់សម្តេច ហេង សំរិន ស្ថិតនៅភូមិ អន្លង់ជ្រៃនិងថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បួងឃុំ។ក្នុងសន្និសីទសារព័ត៌មានស្តីពីបញ្ហាព្រំដែនកម្ពុជា-ឡាវ នៅរាជបណ្ឌិត្យសភា កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ លោក សុខ ទូចបានថ្លែងថា បើពិនិត្យតាមផែនទីដីផ្ទះកំណើតរបស់សម្ដេច ហេង សំរិន បានទៅលើវៀតណាម៕ចេស្តា