ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌដង្កោ បើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី១ខ្សែ ស្ថិតក្នុងភូមិម្ភៃបួន សង្កាត់ព្រៃស

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា ដែលជាជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជា អភិបាលខណ្ឌដង្កោ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ០១ខ្សែ ប្រវែង ២៤១ម៉ែត្រ ទទឹង០៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិម្ភៃបួន សង្កាត់ព្រៃស។

លោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជួនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្តេចតែងបានគិតគូរពីការលំបាក និងតម្រូវការនានារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន និងបានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រទេសជាតិយើងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួចដែលបណ្តាលមកពីការស្ថាបនាផ្លូវបេតុងថ្មីនេះ ហើយចំពោះក្រុមហ៊ុនសូមស្ថាបនាឲ្យបានលឿន និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីជូនបងប្អូនប្រជាពលរដ្ឋឆាប់បានប្រើប្រាស់ និងប្រើប្រាស់បានយូរអង្វែង។

ដោយឡែកបងប្អូនប្រជាពលរដ្ឋទាំងអស់បានធ្វើការអបអរសាទរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់គិតគូរដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ហើយផ្លូវមួយខ្សែនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់យ៉ាងខ្លាំង៕ ភារ៉ា ដង្កោ


ចែករំលែក៖