ព័ត៌មានទាន់ហេតុការណ៍៖

នយោបាយការបរទេសអាមេរិកមានតែបំបែកបំបាក់ញុះញង់ដាក់ទណ្ឌកម្មនិងគំរាមវាយប្រហារ

ចែករំលែក៖

តាំងពីដើមមកគេសង្កេតឃើញថា នយោបាយការបរទេសរបស់អាមេរិក មានតែការញុះញង់ ដាក់ទណ្ឌកម្ម និង គំរាមវាយប្រហារដោយយោធា តែ ប៉ុណ្ណោះ ទៅលើប្រទេសណាដែលអាមេរិក មើលឃើញថា មិនព្រមដើរតាមអ្វីដែលខ្លួន ចង្អុលបង្ហាញ។ គោលនយោបាយទាំង នោះ ពេលនេះមិនមានប្រសិទ្ធភាព ទៀត ឡើយសម្រាប់អាមេរិគ ប្រទេសជាច្រើន បានដឹងពីចេតនាទាំងនោះហើយទប់ស្កាត់បានយ៉ាងល្អ ។

នៅពេលនេះអាមេរិកបានបង្កើនការដាក់គំនាបទៅលើប្រទេសរុស្ស៊ី ដែលជាសត្រូវប្រជែងមហាអំណាចរបស់អាមេរិក ដោយ ទីក្រុងវ៉ាស៊ីនតោន បានបញ្ជូន យន្តហោះ ទម្លាក់គ្រាប់បែកប្រភេទ B-1 របស់អាម៉េរិក ២គ្រឿង និងយន្តហោះទម្លាក់គ្រាប់ប្រភេទ B-52 Stratofortress ១គ្រឿង បានមកដល់ ចក្រភពអង់គ្លេស ហើយកាលពីថ្ងៃទី២៤ ខែសីហា សម្រាប់ធ្វើសមយុទ្ធ ។ ក្នុងពេលជាមួយគ្នានេះរុស្ស៊ីក៏កំពុងរៀបចំធ្វើសមយុទ្ធយោធា នៅខែក្រោយនេះដែរ។

យោងតាមសារព័ត៌មាន CNN ចេញ ផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក របស់អាមេរិកទាំង ៣គ្រឿងនេះ បានចុះ ចតនៅមូលដ្ឋានទ័ពអាកាស Fairford នៅ Gloucestershire ។ យន្តហោះទាំង ៣ គ្រឿងនេះ នឹងធ្វើដំណើរហោះហើរនៅលើប្រទេសស្លូវ៉ាគី និងប៉ូឡូញ មុនពេលចូលរួម ធ្វើសមយុទ្ធ Ample Strike 2017 ដែលធ្វើ ឡើងដោយសាធារណរដ្ឋឆេក។

យោងតាមអង្គការណាតូបានឱ្យដឹងថាយន្តហោះជាង ៣០គ្រឿង, ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើកមកពីប្រទេសសម្ពន្ធមិត្តចំនួនប្រាំបីផ្សេងទៀត ត្រូវ បានគេរំពឹងថា នឹងចូលរួមធ្វើសមយុទ្ធ​បាញ់គ្រាប់ពិតពីថ្ងៃទី២៨ ខែសីហា ដល់ ថ្ងៃទី៩ ខែកញ្ញា។

នៅពេលនេះដែរ ក្រសួងការបរទេស រុស្ស៊ី បានជំរុញរដ្ឋាភិបាលអាមេរិក ឲ្យ បន្ថយទម្ងន់ និងខិតខំប្រឹងប្រែង បញ្ចប់​នូវការ ដាក់ទណ្ឌកម្ម ដែលកំពុងបន្តរវាង ទីក្រុងមូស្គូ នឹងទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមការចុះផ្សាយ របស់ ទីភ្នាក់ងារ សារព័ត៌មាន យុនហាប់ នៅថ្ងៃ ទី២៥ ខែសីហា ឆ្នាំ២០១៧។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានលើកឡើងថា វាមិនមែនជា ប្រទេសរុស្ស៊ីនោះទេ ដែលបាន ចាប់ផ្តើម មានការតស៊ូ បើគិតទាំងស្រុងនៅលើឆាក អន្តរជាតិ ហើយបានបង្កឲ្យមានការដាក់ ទណ្ឌកម្មដែល មិនអាចយោគយល់បាន។

លោកបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចចរចាជាមួយសមភាគីកម្ពុជារបស់លោកប្រាក់សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា “យើងរំពឹងថាក្បាលម៉ាស៊ីនដ៏ក្តៅនៅអាមេរិក នឹងមានការថយចុះ ហើយថានឹងមានប្រយោជន៍ជាធម្មតាវិញ”៕ ម៉ែវ សាធី


ចែករំលែក៖