ភ្នំពេញៈ រថយន្តម៉ាកមីតស៊ុយប៊ីហ្ស៊ីមួយគ្រឿង ត្រូវម្ចាស់ ស្រវឹងស្រាជោកជាំ បានបើក ក្នុងល្បឿនលឿនទៅ បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យខ្ទាតរប៉ាត់រប៉ាយពេញផ្លូវ កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ជិតរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែពុំបណ្តាលឲ្យមនុស្សណាម្នាក់រងគ្រោះនោះទេ គ្រាន់តែខ្ទេចមុខរថយន្តប៉ុណ្ណោះ ។
ប្រភាពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក MITSUBISHI ពាក់ស្លាកលេខ ភ្នំពេញ 2A 7598 មួយគ្រឿងបើកបរដោយបុរសស្រវឹងស្រាម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ។លុះពេលមកដល់កន្លែងកើតទំនងអ្នកបើកបរស្រវឹងខ្លាំងគ្រប់គ្រងស្មារតីលែងបានក៏បុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងរហូតបែកកង់តែរថយន្តមិនព្រមឈប់ហើយព្យាយាមបើករត់ក៏ទៅបុករះរបាំងថ្មខ្ទាតចេញពីគ្នា ជាច្រើនកង់រប៉ាត់រប៉ាយពេញផ្លូវ រហូតអូសប្រមាណ១០០ម៉ែត្រ ទើបរថយន្តទៅមុខលែងរួច ហើយម្ចាស់ចេញពីរថយន្តគេចខ្លួនបាត់តែម្តង ។
ក្រោយកើតហេតុរថយន្តបង្ក ត្រូវបានសមត្ថកិច្ចនគរបាលចរាចរចុះទៅវាស់វែងនិងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានី ដើម្បីចាត់ការតាមនីតិវិធីពេលក្រោយ៕ ប្រាថ្នា