ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបានចូលទៅចាក់ព្រះចៅអធិការវត្តកោះថ្កូវ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្ម ភាពចាក់ព្រះចៅអធិការវត្តកោះថ្កូវស្រុកជលគិរីឲ្យរងរបួសធ្ងន់ កាលពី៥ថ្ងៃមុន ។ ការឃាត់ខ្លួននេះគឺធ្វើឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ក្រុមជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ម្នាក់ឈ្មោះ ១.ស្ងួន ចាន់ណា ហៅឆាង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ២.ឈ្មោះ ស៊ន សុផាតថៃ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានស្រាវ និងស៊ើបអង្កេតតាមជំនាញ ទៅតាមបណ្តឹងរបស់ជនរងគ្រោះព្រះនាម យិន នឹម ជាព្រះគ្រូចៅអធិការ សមត្ថកិច្ចបានឈានទៅកំណត់មុខសញ្ញាជនសង្ស័យទាំងពីរនាក់នេះ យកមកសាកសួរតែម្តង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បានសារភាពថា កាលពីវេលាម៉ោង១១ និង៣០នាទីយប់ រូបគេទាំងពីរនាក់បានរៀបចំផែនការដែលមានឈ្មោះ ស្ងួន ចាន់ណា ជាមេខ្លោង ហើយបញ្ជាឲ្យឈ្មោះស៊ន សុផាតថៃ យកដែកឆាបទៅជាមួយដើម្បីឡើងទៅបន្ទប់មួយនៅសាលាឆាន់ ដែលជាកន្លែងព្រះចៅអធិការព្រះនាម យឹម និន សឹង នៅទីនោះ ក្នុងគោលបំណងលួចយកលុយព្រះចៅអធិការវត្ត ។

សមត្ថកិច្ចបានស្រង់សំដីជនសង្ស័យទៀតថា នៅពេលដែលជនសង្ស័យទាំងពីធ្វើសកម្មភាព ម្នាក់បានតោងឡើងតាមបង្អូច និង ម្នាក់ទៀតបានចូលតាមទ្វារបន្ទប់ នៅពេលដែលជនសង្ស័យដែលចូលតាមបង្អួចបានរាវរកកញ្ចប់លុយ ស្រាប់តែពេលនោះព្រះគ្រូចៅអធិការដឹង បានស្រែកថា អ្នកណាររកអី ក្នុងពេលដែលស្រែកនោះ ជនសង្ស័យម្នាក់ទៀតដែលចូលតាមទ្វារ បានយកដែកឆាបចាក់ចំព្រះចៅអធិការក្រោមចុងដង្ហើមបណ្តាលឲ្យរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុរូបគេទាំង២នាក់ បានលោតចេញពីសាលាឆទាន គេចចេញបាត់ស្រម៉ោល ។ ប៉ុន្តែតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ក៍បានរកឃើញ និងកំណត់បាននូវមុខសញ្ញាជនសង្ស័យ និងបានឃាត់ខ្លួនតែម្តង ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពនេះពិតមែន ។

នៅពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖