ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ឫស្សីកែវ ដឹកនាំដោយលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ បាន ចុះរុះរើរបងសង្ក័សី ដើម្បីយកមករក្សាទុកបណ្ដោះអាសន្ន រហូតឈានដល់ការវាយកម្ទេចសំណង់របងបេតុងដ៏ធំរឹងមាំមួយមួយកន្លែង ក្រោយពីមន្ត្រីជំនាញត្រួតពិនិត្យរកឃើញថា បានសាងសង់រំលោភលើដីសាធារណៈរបស់រដ្ឋ ដែលសាលារាជធានីភ្នំពេញគ្រោងទុកសម្រាប់ធ្វើសម្បទានជូនប្រជាពលរដ្ឋកំពុងមានទំនាស់ដ៏រ៉ាំរ៉ៃ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ចំនួន១៧៥គ្រួសារ។
លោកស៊ូ សោគន្ធ បានលើកឡើងថា បន្ទាប់ពីទទួលបានការឯកភាពពីលោក ជា ពិសី អភិបាលខណ្ឌ ដើម្បីឲ្យរូបលោកដឹកនាំកម្លាំងគណៈបញ្ជាការឯភាពខណ្ឌចម្រុះ ចុះទៅរុះរើរបងស័ង្កសី យកមករក្សាទុកបណ្ដោះអាសន្នរួចមក លោកបានចុះទៅដល់កន្លែងសំណង់ខុសច្បាប់នោះភ្លាម រួចបានបញ្ជាឲ្យកម្លាំងចម្រុះ វាយកម្ទេចសំណង់របងបេតុងដ៏ធំរឹងមាំ ដែលបានសាងសង់រំលោភយកដីសាធារណៈរបស់រដ្ឋ ត្រង់ចំណុចខាងលិចជាប់ផ្លូវលេខ៥៩៨ ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីម៉ោងជាង៩ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ លោកអភិបាលរងខណ្ឌបានបញ្ជាក់ថា ក្រុមគ្រួសារម្ចាស់សំណង់មួយកន្លែងនេះសង្ស័យជាមន្ត្រីយោធាត្រូវបានស្គាល់ ឈ្មោះ ព្រុំ បូរ ភេទប្រុស អាយុជាង៥០ឆ្នាំ បានចចែសបន្តសកម្មភាពលួចសាងសង់របងបេតុងយ៉ាងរឹងមាំ រំលោភយកដីសាធារណៈរបស់រដ្ឋ ទាំងបំពានច្បាប់ ពិសេសទំហ៊ុំដីដ៏ធំមួយនេះ ត្រូវបានសាលារាជធានីភ្នំពេញ គ្រោងទុកសម្រាប់ធ្វើសម្បទានជូនប្រជាពលរដ្ឋ ដែលកំពុងមានទំនាស់ដ៍រ៉ាំរ៉ៃ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវចំនួន១៧៥គ្រួសារ ប៉ុណ្ណោះ។
លោក ស៊ូ សោគន្ធ បានបញ្ជាក់ទៀតថាក្នុងករណី បើម្ចាស់សំណង់ ឬជាងសំណង់ នៅតែបន្តលួចសាងសង់ទាំងបំពាន ច្បាប់បន្តទៀត នោះរដ្ឋបាលសាលាខណ្ឌឫស្សីកែវ និងប្រើវិធានការក្ដៅ ដោយប្រើកម្លាំងវាយកម្ទេចចោលនិងមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិឡើយ ៕ អរុណរះ