ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ លោកស្រី យីងឡាក់ចាកចេញពីថៃនៅនាទីចុងក្រោយបន្ទាប់ពីទទួលបានព័ត៌មានថាតុលាការនឹងឃុំខ្លួន

ចែករំលែក៖

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីង ឡាក់ ស៊ីណាវ៉ាត្រា បានចាកចេញពីប្រទេសថៃនៅនាទីចុងក្រោយ ក្នុងគោលដៅ បញ្ចៀសការចាប់ឃុំខ្លួន ក្រោយពេល ទទួលបានដំណឹងថា តុលាការមិនអនុញ្ញាតឲ្យលោកស្រីនៅក្រៅឃុំទៀតឡើយ។

សារព័ត៌មានរ៉យទ័របានផ្សព្វផ្សាយរូបភាពចុងក្រោយ ស្តីពីលោកស្រីយីងឡាក់ ដាក់បាត្រព្រះសង្ឃ កាលពីព្រឹកថ្ងៃទី ២៣ខែសីហា និង មានពិធីប្រគេនទេយ្យ ទាន តាមប្រពៃណីព្រះពុទ្ធសាសនា ។ រហូតដល់ ម៉ោង៩ព្រឹកថ្ងៃដដែល លោក ស្រីក៏បានចូលរួមនៅក្នុងពិធី លែងត្រីនៅ ក្នុងវត្ត ជិត ទន្លេ Chaophraya ក្នុងទីក្រុង បាងកក ។ នៅពេលនោះជំនួយការរបស់ លោកស្រី ក៏ដូចជាអ្នកគាំទ្រ យល់ថា លោកស្រីបានត្រៀមលក្ខណៈ ស្មារតីដើម្បី ចូលទៅកាន់តុលាការ នៅព្រឹកថ្ងៃទី២៥ខែ សីហា។

ប៉ុន្តែនៅក្នុងថ្ងៃទី២៣ ខែសីហា លោក ស្រីយីងឡាក់បានគេចខ្លួន ក្រោយពេលទទួលបានប្រភពព័ត៌មានជិតស្និទ្ធថា តុលា ការ នឹងចាប់ឃុំខ្លួន លោកស្រីមិនអនុញ្ញាតឲ្យនៅក្រៅឃុំទៀតទេ។ ប៉ុន្តែលោកស្រីយីងឡាក់មិនមែនជាអ្នកធ្វើសកម្មភាពនៅនាទីចុងក្រោយឡើយ លោកស្រីបានត្រៀម លក្ខណៈរួចរាល់សម្រាប់ការប្រឈមមុខ ប៉ុន្តែបានប្រែប្រួលចុងក្រោយបំផុត។

លោកស្រីយីងឡាក់បានធ្វើដំណើរ ចេញជាមួយ ជំនួយការពីរនាក់ ដោយទុក​ឲ្យកូន ប្រុស ឈ្មោះ Supasek Amornchat អាយុ១៥ឆ្នាំរស់នៅក្នុងប្រទេសថៃ។ តើមានអ្វីកើតឡើងនៅថ្ងៃដែលលោកស្រីយីងឡាក់ បានគេចខ្លួន នៅតែជារឿងអាថ៌កំបាំង។ មានប្រភពព័ត៌មានបានផ្សាយថា លោក ស្រីយីងឡាក់បានចាកចេញពីប្រទេស កំណើតនៅថ្ងៃទី២៤ខែសីហា។

ដើម្បីបង្វែរទិសដៅ នៅវេលាម៉ោង១០និង៥៥នាទីព្រឹកថ្ងៃទី២៤ខែសីហា លោក ស្រី បានបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុក ស្នើដល់ពលរដ្ឋដែលគាំទ្រ លោកស្រីកុំទៅកាន់តុលាការ ហើយលោក ស្រីក៏បានសុំទោស ដែលមិនអាចជួបអ្នកគាំទ្របានដោយមូលហេតុសន្តិសុខ។

តាមការបញ្ជាក់របស់ប៉ូលិស លោកស្រី យីងឡាក់ នៅក្នុងផ្ទះនាទីក្រុងបាងកក រហូតដល់ម៉ោង២រសៀលថ្ងៃទី២៣ ខែ សីហា ។ ប៉ុន្តែក្រោយមក មានការប្រែប្រួល ដោយកម្លាំងប៉ូលិសដែលតាមឃ្លំាមើលលោកស្រី ក៏មិនដឹងនោះដែរ។

ការដែលលោកស្រីចាកចេញពីប្រទេសថៃដោយសុវត្ថិភាព ក្រោមការការពារសន្តិសុខយ៉ាងតឹងតែង បង្កឲ្យមានពាក្យចចាម អារ៉ាមថា មានបុគ្គលដែលមានឥទ្ធិពលនៅក្នុងជួររដ្ឋាភិបាលថៃ ជួយដល់លោកស្រីឲ្យ ចាកចេញពីប្រទេស ជៀសវាង មានវិបត្តិ កើតឡើង បើតុលាការឃុំខ្លួនលោកស្រី នោះ។ ប៉ុន្តែរដ្ឋាភិបាលយោធាថៃបាន ច្រានចោលព័ត៌មានខាងលើ។

ប្រសិនបើលោកស្រីយីងឡាក់ចាក ចេញនៅរសៀលថ្ងៃទី២៤ ខែសីហា គឺ លោកស្រីមានពេលវេលាជាច្រើន ដើម្បី គេចខ្លួន ទាំង ផ្លូវគោកផ្លូវអាកាសនិង ផ្លូវទឹក ។ តុលាការចេញដីកាចាប់ខ្លួនលោក ស្រី នៅវេលាម៉ោង៩និង ៤០នាទីព្រឹកថ្ងៃទី ២៥ ខែសីហា ។

ប៉ូលិសថៃបានឲ្យដឹងថា កូនប្រុសរបស់ លោកស្រីយីងឡាក់ បានបង្ហាញខ្លួនជាធម្មតានៅថ្ងៃទី២៦ខែសីហា ដោយមិនមានការគេចខ្លួនទៅតាមម្តាយនោះឡើយ ។ ពេលនេះគេមិនទាន់ដឹងថាប៉ូលិសមានតាមដានកូនរបស់លោកស្រីយីងឡាក់ដែរឬក៏យ៉ាងណានោះទេ។

នៅពេលនេះដែរទាំងក្រុមអ្នកនយោបាយអភិរក្សថៃស្និទ្ធនឹងរបបសឹក ទាំងរបប សឹកថៃ សុទ្ធតែមិនយល់ថា ហេតុអ្វីបានជា លោកស្រីយីងឡាក់ អាចរត់គេចទៅក្រៅ ស្រុក គេចចេញពីការកាត់ទោសបាន ខណៈដែលលោកស្រីកំពុងស្ថិតក្រោមការត្រួតពិនិត្យដ៏តឹងរ៉ឹងបែបនេះ។ ក្រុមអ្នកនយោបាយអភិរក្សថៃលើកឡើងថា ប្រាកដហើយដែលកងការពារសន្តិសុខនៅក្បែរលោកស្រី ហើយថតរូបលោកស្រីគ្រប់ ពេល តែលោកស្រីនៅតែអាចគេចខ្លួន បាន។ ឥឡូវលោកស្រីគេចបាត់ហើយ ដូច្នេះ រដ្ឋាភិបាល និងកងកម្លាំងសន្តិសុខ ព្រមទាំងក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ ត្រូវតែទទួលខុសត្រូវ។

ក្រុមអ្នកនយោបាយអភិរក្សដែលមិនពេញចិត្តនឹងរដ្ឋាភិបាលលោកស្រីយីងឡាក់ សុំឲ្យរដ្ឋាភិបាលរកមុខជនក្បត់ ដែល បណ្តោយឲ្យលោកស្រីយីងឡាក់ អាចគេច ខ្លួនទៅក្រៅប្រទេសបាន មិននៃដូច្នោះទេ គឺក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិង សណ្តាប់ធ្នាប់ថៃ ត្រូវរងការចោទប្រកាន់ ទោសនេះ។ សូមរំលឹកថា អតីតនាយករដ្ឋ មន្ត្រីយីងឡាក់ មិនបានបង្ហាញខ្លួននៅតុលាការកំពូលទេ កាលពីថ្ងៃសុក្រកន្លងទៅ ជាថ្ងៃដែលតុលាការប្រកាសសាលក្រម។ លោកស្រីរងការចោទប្រកាន់ថា ធ្វេស ប្រហែសក្នុងនយោបាយទិញស្រូវឧបត្ថម្ភកសិករ ដែលធ្វើឲ្យរដ្ឋបាត់បង់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់។ លោកស្រីអាចជាប់ពន្ធ នាគាររហូតដល់១០ឆ្នាំ។

យោងតាមរដ្ឋាភិបាលសឹក ពេលនេះ អតីតនាយករដ្ឋមន្ត្រីយីងឡាក់អាចនឹងគេចខ្លួនទៅឌូបៃ ហើយអាចសុំសិទ្ធិជ្រកកោននៅអង់គ្លេស។ ក្រុមសារព័ត៌មានថៃលើក ឡើងថា លោកស្រីប្រហែលជាអាចធ្វើកិច្ចព្រមព្រៀងសម្ងាត់ជាមួយក្រុមទាហានណាមួយ ដើម្បីបានភៀសខ្លួនទៅក្រៅ ស្រុក ហើយជាថ្នូរ ក្រុមទាហានទាំងនោះអាចទទួលបានប្រយោជន៍ក្នុងឆាកនយោបាយថៃ មុនពេលថៃបោះឆ្នោតក្នុងឆ្នាំ ២០១៨ខាងមុខ៕ ម៉ែវ សាធី


ចែករំលែក៖