ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះចាប់ម៉ូតូក្មេងទំនើងចំនួន ០៨គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឲ្យមានសំលេងឮខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ មួយរយៈពេលកន្លងមកនេះគេឃើញរដ្ឋបាលខណ្ឌដូនពេញ បានចុះយុទ្ធធានាការបង្រ្កាបក្រុមក្មេងទំនើងដែលតែងតែយកម៉ូតូរបស់ខ្លួនទៅកែច្នៃខុសពីទ្រង់ទ្រាយដើម ដូចជាកែបំពង់ស៊ីម៉ាំងម៉ូតូឲ្យមានសំលេងឮខ្លាំងបង្កការរំខានដល់ប្រជាពលរដ្ឋ ជាពិសេសគឺនាពេលយប់ដែលពួកគាត់កំពុងដេកលង់លក់ ។

ជាក់ស្តែងកាលពី វេលាម៉ោង១៧និង០០នាទីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ កម្លាំងអធិការនគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ម៉ូតូក្មេងទំនើងចំនួន ០៨គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឲ្យមានសំលេងឮខ្លាំងបង្កការរំខាននៅតាមដងផ្លូវ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ ។

ក្នុងប្រតិបត្តិការនោះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក ឈឹម ឌីណា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះអប់រំណែនាំដល់ក្រុមក្មេងទំនើងដែលឆ្នៃបំពង់ស៊ីម៉ាំងម៉ូតូបង្កឲ្យមានសំលេងឮខ្លាំងរំខាននៅតាមដងផ្លូវសាធារណៈ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ នៅសាលាខណ្ឌដូនពេញ បន្ទាប់ពីក្រុមក្មេងទំនើងនេះបានបើកបរម៉ូតូច្នៃបំពង់ស៊ីម៉ាំងឲ្យមានសំលេងឮខ្លាំង បង្កការរំខានដល់អ្នកធ្វើដំណើរ និង បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ។

ក្រោយពីធ្វើកិច្ចសន្យារួចមក រដ្ឋបាលខណ្ឌ បានបញ្ជាឲ្យក្មេងទំនើងទាំងអស់នោះធ្វើការដោះដូរបំពង់ស៊ីម៉ាំងដែលឮខ្លាំងចេញ និងដាក់បំពង់ស៊ីម៉ាំងធម្មតាចូលវិញដោយខ្លួនឯង នៅនឹងកន្លែង រួចអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ដោយសន្យាថាមិនកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឲ្យឮខ្លាំងៗរំខានដល់សាធារណជនទៀតឡើយ ៕ស តារា


ចែករំលែក៖