អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បន្ទាប់ពីស្ងប់ស្ងាត់មិនបញ្ចេញមតិអស់រយៈពេលជាយូរឆ្នាំមកនោះ កាលពីថ្ងៃទី៣០ ខែសីហា បានចេញប្រតិកម្មលើបណ្តាញទំនាក់ទំនងសង្គមTwitterនោះហើយ បន្ទាប់ពីប្អូនស្រីរបស់លោកបានចេញពីប្រទេសថៃកាលពីសប្តាហ៍មុន។
ប្អូនស្រីលោកថាក់ស៊ីន គឺលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលរដ្ឋាភិបាលរបស់លោកស្រីត្រូវយោធាធ្វើរដ្ឋប្រហារទម្លាក់កាលពីឆ្នាំ២០១៤នោះ បានចាកចេញពីប្រទេសថៃកាលពីសប្តាហ៍កន្លង មុនពេលសាលក្រមតុលាការកំពូលថៃជំនុំជម្រះសេចក្តី ពាក់ព័ន្ធករណីធ្វេសប្រហែសក្នុងតួនាទីប្រឆាំងលោកស្រី។
មន្ត្រីគណបក្សនយោបាយ ក៏ដូចប្រភពពីមន្ត្រីរដ្ឋាភិបាលថៃបាននិយាយថា លោកស្រីយីងឡាក់បានទៅរស់នៅជុំគ្នាជាមួយបងប្រុសរបស់លោកស្រី ដែលកំពុងស្ថិតនៅទីក្រុងឌុយប៉ៃ រស់នៅនិរទ្ទេសខ្លួនដោយខ្លួនឯង។
អតីតនាយករដ្ឋមន្ត្រីយីងឡាក់ ប្រឈមទៅនឹងការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ បើតុលាការរកឃើញថាមានកំហុស។
លោកថាក់ស៊ីន នៅក្នុងការអត្ថាធិប្បាយរបស់លោកលើបណ្តាញសង្គម Twitter បានដកស្រង់សម្តីទស្សនវិទូជនជាតិបារាំងសម័យសតវត្សរ៍ទី១៨ម្នាក់ ឈ្មោះ Charles de Montesquieu ដែលបានថ្កោលទោសការបង្ក្រាបរបស់ប្រព័ន្ធតុលាការ។ លោកថាក់ស៊ីន បានសរសេរនៅលើទំព័រ Twitter ផ្លូវការរបស់លោកថា: «មិនមានអ្នកជិះជាន់យ៉ាងឃោរឃៅជាងអ្វីដែលមាននៅក្រោមខែលនៃច្បាប់ និងយុត្តិធម៌នោះទេ»។
នេះជាការថ្លែងលើកដំបូងបំផុតរបស់លោកថាក់ស៊ីន តាមបណ្តាញសង្គម Twitter ក្នុងរយៈពេលជាងពីរឆ្នាំមកនេះ ទាក់ទងការបោសសម្អាតពីពួកមេយោធា ដែលបានធ្វើរដ្ឋប្រហារបណ្តេញលោកចេញពីតំណែងនៅឆ្នាំ២០០៦ និងរដ្ឋប្រហារទម្លាក់រដ្ឋបាលប្អូនស្រីរបស់លោកនៅក្នុងឆ្នាំ២០១៤។
ការអត្ថាធិប្បាយរបស់លោកថាក់ស៊ីន ខាងលើនេះ ធ្វើឲ្យមានចំណាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គមថៃ ហើយត្រូវបានគេចូលរួមបញ្ចោញមតិយោបល់រហូតដល់៤ពាន់ដង ក្នុងរយៈពេលប្រាំម៉ោងប៉ុណ្ណោះ៕