ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំពាក់ព័ន្ធហិង្សានៅមីយ៉ាន់ម៉ា

ចែករំលែក៖

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៣០ ខែសីហា បានកោះប្រជុំពិភាក្សាលើបញ្ហាហិង្សាកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលការប៉ះទង្គិចគ្នាបង្កឲ្យមានការបង្ក្រាបពីកម្លាំងយោធាមីយ៉ាន់ម៉ានៅក្នុងរដ្ឋរ៉ាកឃីននោះ ហើយបណ្តាលឲ្យជនភាគតិចរ៉ូហ៊ីនយ៉ាយ៉ាងតិច១៨.៥០០នាក់រត់ភៀសខ្លួនទីងណាត់ទីងណែងឆ្លងបន្ទាត់ព្រំដែនទៅកាន់បង់ក្លាដែស។

ក្រុមប្រឹក្សាសន្តិសុខទាំង១៥រូប មិនបានចេញថ្លែងការណ៍រួមណាមួយឡើយក្រោយកិច្ចប្រជុំបិទទ្វារនេះ ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ឯកអគ្គរាជទូតអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ Matthew Rycroft ថ្លែងប្រាប់ AFP ថា សមាជិកក្រុមប្រឹក្សាសន្តិសុខបានអំពាវនាវសុំកុំឲ្យស្ថានការដុនដាបខ្លាំងជាងនេះ។ លោកបានថ្លែងថា «យើងថ្កោលទោសរាល់ទម្រង់នៃអំពើហិង្សា យើងអំពាវនាវគ្រប់ភាគីពាក់ព័ន្ធមិនត្រូវធ្វើស្ថានការណ៍ឲ្យអាក្រក់ជាងនេះទេ»។

កាលពីចុងសប្តាហ៍កន្លងមកនេះ អំពើហិង្សាបានផ្ទុះឡើង បន្ទាប់ពីក្រមសកម្មប្រយុទ្ធមកពីកុលសម្ព័ន្ធភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ធ្វើសកម្មភាពលបឆ្មក់ចូលវាយប្រហារសម្លាប់មនុស្សយ៉ាងរន្ធត់ទៅលើប៉ុស្តិ៍ប៉ូលិស។

ការប៉ះទង្គិចនោះ មនុស្សស្លាប់យ៉ាងតិច១១០នាក់ ដោយរួមបញ្ចូលមន្ត្រីរដ្ឋាភិបាល១១នាក់ផងដែរ និងរុញច្រានពួកកុលសម្ព័ន្ធរ៉ូហ៊ីនយ៉ាងរាប់ពាន់នាក់ពពាក់ពពូនដង្ហែគ្នាឆ្លងដែនទៅកាន់បង់ក្លាដែល ទោះបីទីក្រុង Dhaka មានវិធានការទប់ស្កាត់យ៉ាងណាក៏គ្មានប្រសិទ្ធភាព។

ដោយមិនអាចសម្ងំស្ងៀម កម្លាំងយោធាមីយ៉ាន់ម៉ា បានចេញប្រតិបត្តិការបោសសម្អាត់ក្រុមសកម្មប្រយុទ្ធ ដែលក្នុងនោះ តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋថា កម្លាំងសន្តិសុខបានធ្វើសកម្មភាពដុតបំផ្លាញភូមិឋានអ្នកស្រុកចោលតែម្តង។

ចក្រភពអង់គ្លេសជាអ្នកស្នើសុំឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះកើតឡើងស្តីអំពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ានេះ ប៉ុន្តែប្រមុខការទូតចិន ប្រចាំអង្គការសហប្រជាជាតិបានតស៊ូប្រឆាំងមតិថា ក្រុមប្រឹក្សាសន្តិសុខមិនគួរពាក់ព័ន្ធក្នុងវិបត្តិនេះឡើយ។

គ្មានប្រភពបញ្ជាក់ច្បាស់លាស់នោះឡើយថា តើវិធានបន្តបែបណាទៀតត្រូវអនុវត្តឡើង។ គេបានរំពឹងថា បញ្ហានេះនឹងត្រូវលើកមកពិភាក្សានៅសម័យប្រជុំពេញអង្គនៃអង្គការសហប្រជាជាតិក្នុងខែកញ្ញា ខាងមុខ។

តាមប្រសាសន៍របស់លោកឯកអគ្គរាជទូតអង់គ្លេសលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខនៅតែគាំទ្រលោកស្រីអ៊ុងសាន ស៊ូជី ម្ចាស់ពាននូបែលសន្តិភាព ដែលពេលបច្ចុប្បន្ននេះ ជាមេដឹកនាំរដ្ឋាភិបាលទីក្រុងយ៉ាំងហ្គូន៕


ចែករំលែក៖