ក្រុមជួយសង្គ្រោះបានបញ្ជាក់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ថា ជនរងគ្រោះបាត់បង់ជីវិតក្នុងហេតុការណ៍បាក់ដីភាគនិរតី ខេត្ត Guizhou របស់ប្រទេសចិនកាលពីព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍នោះបានកើនដល់២៣នាក់ហើយ ខណៈដែល១២នាក់ផ្សេងទៀតនៅបាត់ខ្លួន។
ក្រុមជួយសង្គ្រោះដែលស្ថិតនៅទីតាំងកើតហេតុបានថ្លែងប្រាប់ទីភ្នាក់ងារស៊ីនហួថា នៅព្រឹកថ្ងៃទី៣១ ខែសីហា ក្រុមជួយសង្គ្រោះបានជីកកកាយអូសមនុស្សចេញពីគំនរកម្ទិចកម្ទី៣១នាក់ ក្នុងនោះ២៣នាក់បានបាត់បង់ជីវិត។
ប្រភពបន្តទៀតថា អ្នករងរបួស៨នាក់ គឺមាន៧នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ ទោះបីយ៉ាងណា ស្ថានភាពរបួសរបស់ពួកគេមិនគំរាមកំហែងដល់អាយុជីវិតឡើយ ។
ក្រុមជួយសង្គ្រោះលើកឡើងថា កម្លាំងប្រមាណ២ពាន់នាក់ ត្រូវចល័តក្នងសកម្មភាពស្វែងរកជនរងគ្រោះដែលនៅបាត់ខ្លួន ។
បាក់ដីបានកើតឡើងនៅវេលាម៉ោង១០និង៤០នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ថ្ងៃចន្ទ ក្នុងតំបន់ទីប្រជុំជន Zhangjiawan ខេត្ត Nayong ប៉ះពាល់លំនៅឋាន៣៤ខ្នង។ ផ្ទាំងថ្ម និងដីដែលបាក់នេះមានទំហំជាង៦០០.០០០ម៉ែត្រគូប ។
មូលហេតុកើតឡើងដោយសារភ្លៀងរ៉ាំរ៉ៃ លាយឡំដោយខ្យល់ព្យុះកាលសប្តាហ៍កន្លងមកនោះតែម្តង៕