ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានថ្លែងកាលពីថ្ងៃទី៣០ ខែសីហា សង្គ្រាម៣ខែប្រឆាំងក្រុមរដ្ឋអិស្លាម IS ដែលកាន់កាប់ទីក្រុងភាគខាងត្បូងហ្វីលីពីននោះ ចូលដល់ដំណាក់កាលចុងក្រោយហើយ។
ការថ្លែងបែបនេះរបស់លោក Rodrigo Duterte ក្រោយពីកម្លាំងយោធាហ្វីលីពីនរំដោះបានស្ពានដ៏សំខាន់មួយនៅទីក្រុង Marawi ងាយស្រួលកងកម្លាំងយោធាធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងគ្រប់គ្រងដោយពួកឧទ្ទាម។
ថ្លែងនៅរដ្ឋធានីម៉ានីល ចម្ងាយ៨០០គីឡូម៉ែត្រភាគខាងជើងតំបន់សមរភូមិ លោក Rodrigo Duterte អះអាងថា យើងចូលដល់ទឹកចុងក្រោយហើយ ដូច្នេះ សូមឲ្យយើងប្រញាប់ប្រញាល់ឡើង។
ក្រុមខ្មាន់កាំភ្លើង គាំទ្រពួកឧទ្ទាម IS បានកាន់កាប់ផ្នែកខ្លះនៃទីក្រុង Marawi ជារដ្ឋធានីមួយរបស់ហ្វីលីពីន សម្បូរដោយអ្នកកាន់សាសនាកាតូលិករស់នៅកាលពីថ្ងៃទី ២៣ ខែឧសភា បង្កឱ្យមានការប្រយុទ្ធតតាំងដណ្តើមវិញពីសំណាក់កម្លាំងយោធា និងធ្វើឲ្យមនុស្សជិត៨០០នាក់បាត់បង់ជីវិត។
សង្គ្រាមប្រឆាំង IS ដែលចូលរួមជួយវាយប្រហារពីកម្លាំងយោធាអាមេរិកតាមដែនអាកាសផងនោះ បានបំផ្លិចបំផ្លាញភាគជាច្រើននៃរដ្ឋធានី Marawi។
លោក Duterte និងអ្នកវិភាគបានអះអាងថា ក្រុមឧទ្ទាមខិតខំតស៊ូដើម្បីបានគ្រប់គ្រងទីតាំងខាងលើនេះ សម្រាប់ជាទីតាំងធ្វើជាបន្ទាយរបស់ពួក IS ប្រចាំនៅមូលដ្ឋានអាស៊ីភាគអាគ្នេយ៍។
ជាមួយគ្នានេះដែរ លោកDuterte បានព្រមានថា បើទោះបីក្រុមឧទ្ទាមត្រូវកម្លាំងយោធាហ្វីលពីនកម្ចាត់បង់ពីតំបន់ខាងលើក៏ពិតមែន ប៉ុន្តែពួកនេះនៅតែមានលទ្ធភាពវាយប្រហារភេរវកម្មដដែលនៅទូទាំងទឹកដីហ្វីលីពីន ។ ដូច្នេះហើយ ការប្រុងប្រយ័ត្ននៅតែកើតមានជានិច្ច៕