ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តប៉ៃលិនដោះស្រាយនិងប្រគល់បណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនដល់ប្រជាពលរដ្ឋចំនួន៤គ្រួសារដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តប៉ៃលិនបានរៀបចំពិធីប្រគល់បណ្ណ ក្រោម អធិបតីភាព លោក សៅ សារ៉ាត់ អភិបាលរង ខេត្តប៉ៃលិន បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនដល់ប្រជាពលរដ្ឋចំនួន៤ គ្រួសារ ដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរយៈ ពេល៦ឆ្នាំកន្លងមកហើយ។

លោក សៅ សារ៉ាត់ អភិបាលរងខេត្ត ប៉ៃលិន បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្នទំនាស់ដីធ្លីតែងតែកើតមាន ហើយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ សែន ក៏បានចង្អុល បង្ហាញ និងណែនាំដល់គណៈកម្មការសុរិយោដីខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ជំរុញការដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ ដែល មានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ស្របតាមគោល នយោបាយឈ្នះ=ឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាក់ស្តែងនៅពេលនេះ មន្រ្តីជំនាញបានដោះស្រាយតាមគោលការណ៍ឈ្នះ=ឈ្នះទាំងអស់គ្នា ចំពោះបងប្អូនប្រជាពល រដ្ឋមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃអស់រយៈពេលជា យូរឆ្នាំមកហើយ ព្រមទាំងបានធ្វើបណ្ណកម្ម សិទ្ធិដីធ្លីស្របច្បាប់ជូនពួកគាត់ទៀតផង។

លោកក៏បានបន្តជំរុញមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្ត ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បន្ថែមទៀត ក្នុងការដោះស្រាយទំនាស់ ដីធ្លីជូនដល់ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីមិនទាន់បានដោះស្រាយរួច និងថ្លែង អំណរគុណដល់ម្ចាស់អចលនទ្រព្យទាំង អស់ដែលមានការចូលរួមសហការគ្នាទាំងសងខាង ហើយត្រូវចេះស្រលាញ់សាមគ្គីគ្នាទៅវិញទៅមកក្នុងនាមជាអ្នកជិតខាងគ្នា។

លោក អ៊ួន ហៀង តំណាងឱ្យប្រជា ពលរដ្ឋទាំង៤គ្រួសារបានថ្លែងអំណរ គុណដល់អាជ្ញាធរខេត្តប៉ៃលិន និងមន្ទីរ ជំនាញដែលបានខិតខំប្រឹងប្រែងជួយ ដោះស្រាយ និងសម្របសម្រួល ចំពោះ ករណី ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ព្រមទាំងបានចេញធ្វើបណ្ណកម្មសិទ្ធិជូនពួកគាត់ ដើម្បីធ្វើជាទ្រព្យសម្បត្តិស្របច្បាប់។

បើតាមការបញ្ជាក់របស់លោក ហុក សុផល ប្រធានមន្ទីររៀបចំដែនដីនគរូប នីយកម្មសំណង់ និងសុរិយោដីខេត្តបានឲ្យ ដឹងថា ប្រជាពលរដ្ឋចំនួន៤គ្រួសារនេះ មានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ រយៈពេល៦ឆ្នាំមក ហើយ គឺចាប់ពីឆ្នាំ២០១១ រហូតដល់ ឆ្នាំ ២០១៧ ហើយក៏ធ្លាប់ប្តឹងផ្តល់តាមផ្លូវ ច្បាប់នៅតុលាការ តែមិនទទួលបានជោគ ជ័យទេ។ ទីបំផុតគណៈកម្មការដោះ ស្រាយទំនាស់ដីធ្លីខេត្ត បានដោះស្រាយ ទទួលបានជោគជ័យ ដោយគ្រួសារទី១.ឈ្មោះ សេង ណារិន និងប្រពន្ធឈ្មោះ នុត សាវ៉ាន មានទំហំដី៤ម៉ែត្រគុណនឹង៣៤,៣០ម៉ែត្រ គ្រួសារទី២.ឈ្មោះ អ៊ួន ហៀង និងប្រពន្ធឈ្មោះ សេក សុភី មានទំហំដី៤,៧០ម៉ែត្រគុណនឹង៣៥,២៩ម៉ែត្រ គ្រួសារ ទី៣.ឈ្មោះ ខៀវ អ៊ាង និងប្រពន្ធឈ្មោះ ហេង យ៉ុន មានទំហំដី៩,១០ម៉ែត្រគុណ នឹង៣៦ម៉ែត្រ និងគ្រួសារទី៤.ឈ្មោះ ធុល សុផល និងប្រពន្ធឈ្មោះ ហេង រ៉ាត់ មាន ទំហំដី៤,១០ម៉ែត្រគុណនឹង២២,៩០ម៉ែត្រ។ គួរបញ្ជាក់ថា ដីធ្លីមានទំនាស់នេះ ស្ថិតក្នុង ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន៕ ស សារ៉េត


ចែករំលែក៖