ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌទួលគោក ប្រើធម៌ក្ដៅចុះបោសសម្អាត ការដាក់តាំងលក់ទំនិញរំលោភចំណីផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌកាលល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧បានចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំដល់អាជីវករដាក់តាំងលក់ដូរនិងនិងណែនាំកុំឲ្យលើកប៉ាណូរំលោភលើចិញ្ចើមផ្លូវលេខ១១២ និងផ្លូវលេខ២១៥ ក្បែរស្តុបDN សង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក ដោយរកស៊ី តាំងលក់លើសពី១ភាគ៣នៃចិញ្ចើមផ្លូវ។

ក្នុងពេលនោះអាជ្ញាធរ ខណ្ឌទួលគោកបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករដែលកំពុងតែយកចិញ្ចើមផ្លូវធ្វើអាជីវកម្មបានជ្រាបផងដែរថា ទី១.អាជ្ញាធរមិនអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋដាក់តាំងលក់ទំនិញ ម្ហូបអាហារ ដាក់តាំងលក់សម្ភារផ្សេងៗ ឬធ្វើរបងព័ទ្ធបិទនៅលើចិញ្ចើមផ្លូវ និងនៅលើទ្រូងផ្លូវសាធារណៈឡើយ ទី២.មិនអនុញ្ញាតឲ្យបងប្អូនធ្វើការចតរថយន្តគ្រប់ប្រភេទនៅតាមបណ្តោយផ្លូវសំខាន់ៗដែលមានស្លាកសញ្ញាហាមចតឡើយ ទី៣.អនុញ្ញាតជូនបងប្អូនជាបណ្តោះអាសន្នដើម្បីធ្វើការដាក់តាំងលក់ទំនិញ ម្ហូបអាហារ ឬដាក់តាំងសម្ភារផ្សេងៗបានត្រឹមតែ១ភាគ៣នៃចិញ្ចើមផ្លូវតាមមុខផ្ទះរៀងៗខ្លួនប៉ុណ្ណោះ ទី៤.រដ្ឋបាលខណ្ឌទួលគោកទុកពេលជូនបងប្អូនដើម្បីធ្វើការរៀបចំ និងកែសម្រួលដោយខ្លួនឯង និងទី៥.ក្នុងករណីដែលបងប្អូនមិនគោរពតាមជូនដំណឹងនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមនីតិវិធីដោយមិនទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់សម្ភាររបស់បងប្អូនឡើយ។

យ៉ាងណាការរៀបចំសណ្តាប់ធ្នាប់នេះត្រូវបានអាជ្ញាធរមូលដ្ឋានប្រាប់ថា គឺធ្វើឡើងតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានប្រសាសន៍ក្នុងកិច្ចប្រជុំ នៃការពង្រីកសន្តិសុខសណ្តាប់ធ្នាប់ រាជធានីភ្នំពេញថា ការសម្រេចយកផ្លូវធំៗចំនួន១១ ជាអាទិភាពមុនគេ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ក្នុងនោះរួមមានមហាវិថីព្រះនរោត្តម ព្រះស៊ីសុវត្ថិ ព្រះសីហនុ ព្រះមុនីវង្ស សហព័ន្ធរុស្ស៊ី ម៉ៅសេទុង កម្ពុជាក្រោម វិថីមុនីរ៉េត ហ្សាលដឺហ្គោលផ្លូវលេខ២៧១ និងផ្លូវលេខ៧០។

ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌទួលគោកមួយចំនួនបានលើកឡើងថា ការបំពានយកចិ ញ្ចើមផ្លូវធ្វើអាជីវកម្មដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់អាជីវករមួយចំនួននេះ មិនមែនមានតែ នៅសង្កាត់ផ្សារដេប៉ូទី៣នេះទេ នៅខណ្ឌទួលគោក សូមអាជ្ញាធរមូលដ្ឋានក្រឡេកទៅមើលតាមបណ្តោយផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់៣ ជាពិសេសម្តុំផ្សារសំណង់១២ មានផ្ទះជាច្រើន ធ្វើសំយាបលក់ដូរលើលូបង្ហូរទឹក(ផ្ទះវីងដូរលុយកែងផ្សារសំណង់១២ប៉ែកខាងត្បូង)គ្មានផ្លូវដើរ និងបត់យានយន្តរួចទេ សូមមេត្តាជួយមានវិធានការណ៍ផង ៕ ប្រាថ្នា


ចែករំលែក៖