ភ្នំពេញ៖ យុវជនម្នាក់ជិះដឹកស្រីស្នេហ៍ដើរលេង កំពុងតែសាសងគ្នាតាមផ្លូវ ត្រូវជនសង្ស័យមួយក្រុមវាយប្លន់ យកម៉ូតូបានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១១និង០០នាទីយប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចប្រេងសូគីមិច ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ប៊ុត ចំរុង ភេទប្រុសអាយុ ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្តាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ម៉ូតូដែលត្រូវជនសង្ស័យប្លន់យកម៉ាកឌ្រីមសេរី ២០១៦ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ1FR-1705។
តាមប្រភពបាននិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះបានឌុបនារីម្នាក់ត្រូវជាសង្សារដោយជិះចេញពីបុរីសន្តិសន្តិភាព២ ក្នុងទិសដៅពីត្បូងទៅជើង។ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូ២គ្រឿងក្នុងទិសដៅបញ្ច្រាសគ្នាហើយនៅពេលជនសង្ស័យឃើញជិះបកក្រោយគៀបម៉ូតូខ្លួន(ជនរងគ្រោះ)ហើយបានយកដុំឥដ្ឋគប់ទៅលើខ្លួនបណ្តាលឲ្យត្រូវក្បាលផ្នែកខាងស្តាំរងរបួសស្រាល ខណៈនោះខ្លួនភ័យជិះម៉ូតូចូលការាស់សាំង។ ប៉ុន្តែជនសង្ស័យបានដេញវាយទៀត ហើយយកម៉ូតូពីខ្លួនចេញទៅបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់មកដាក់ពាក្យបណ្តឹងនៅប៉ុសិ៍្តនគរបាលចោមចៅដើម្បីឲ្យជួយស្រាវជ្រាវរកមុខសញ្ញាខាងលើមកផ្ដន្ទាទោសទៅតាមច្បាប់៕ សុខាសែនជ័យ