ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកខ្សាច់កណ្តាលចាប់ខ្លួនបុរសម្នាក់ពីបទហិង្សាដោយចេតនានិងធ្វើឲ្យខូចខាតដោយចេតនា

ចែករំលែក៖

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលចាប់ខ្លួនបុរសម្នាក់ពីបទហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីបុរសរូបនេះធ្វើសកម្មភាពវាយគូទំនាស់ដោយដំបងឈើមូល បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងយកដុំថ្មគុបបំផ្លាញបន្ទប់ទឹកជនរងគ្រោះ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ រឿន តូច ហៅ ព្រើត ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល។ ចំណែកឯជនរងគ្រោះឈ្មោះ ជា យូរះ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (រងរបួសលើឆ្អឹងជំនីផ្នែកខាងក្រោយជំហៀងខាងស្តាំ) មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ​ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនសង្ស័យ និងជនរងគ្រោះបាននៅអង្គុយផឹកស្រាជុំគ្នា បន្ទាប់ពីផឹកស្រវឹងស្រឿងៗជនសង្ស័យនិងជនរងគ្រោះបានបបួលគ្នាលេងល្បែងស៊ីសង (បៀរ) ខណៈកំពុងលេងក៏កើតជម្លោះពាក្យសំដីគ្នា ។ ជម្លោះកាន់តែខ្លាំងឡើងរហូតធ្វើឲ្យជនសង្ស័យ និងជនរងគ្រោះប្រតាយប្រតបគ្នា បណ្តាលឲ្យជនសង្ស័យដួលបោកក្បាលទៅលើជើងតាងផ្ទះ រងរបួសបែកចិញ្ចើមខាងស្តាំ ។ ធ្វើឲ្យជនសង្ស័យផ្ទុះក្តីខឹងសម្បាយ៉ាងខ្លាំងទាញយកដំបងឈើមូលវាយជនរងគ្រោះរងរបួស​លើឆ្អឹងជំនី ជនសង្ស័យនៅតែមិនអស់ចិត្ត បានបន្តយកដុំថ្មគុបបំផ្លាញបន្ទប់ទឹកជនរងគ្រោះបន្ថែមទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពីមានហេតុការណ៍កើតឡើងជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលចាប់ខ្លួនរួមជាមួយវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖