ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមុខសញ្ញា២នាក់ដកហូតថ្នាំញៀន៦កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកល្វាឯមបង្រ្កាបចាប់ខ្លួនរួមជាមួយវត្ថុតាងជាក់ស្តែង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៦កញ្ចប់ និងម៉ូតូ០១គ្រឿង ដើម្បីចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១៩ និង៥៧នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវបេតុង ស្ថិតក្នុងភូមិព្រែតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ សុង ថារ៉ូ ភេទប្រុស អាយុ២0ឆ្នាំ ជនជាតិខ្មែរ មុខរបរ និសិ្សត មានទីលំនៅភូមិព្រែតាអុងទី២ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ទី២-ឈ្មោះ នី រតនា ភេទប្រុស អាយុ១៩ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ កម្មករលក់ទឹកសុទ្ធ​ មានទីលំនៅភូមិព្រែតាអុងទី៣ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ។ វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៦កញ្ចប់ និងម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FW-4357 ។

ប្រភពដដែលបានបន្តថា ជនសង្ស័យទាំង២នាក់នេះជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿង​ញៀន ដែលត្រូវបានសមត្ថកិច្ចកំណត់ និងតាមដាននាពេលកន្លងមក ។ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចទទួលបានព័ត៌មានថា ក្រុមជនសង្ស័យមានរក្សាទុកគ្រឿងញៀននៅជាប់ខ្លួន ដើម្បីជួញដូរ ទើបសមត្ថកិច្ចដាក់កម្លាំងចាំឃ្លាំមើល រហូតឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖